អេស្ប៉ាញ ៖ នៅថ្ងៃពុធនេះ នាវាឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានដឹកជនអន្តោប្រវេសន៍ ១២៣នាក់ ទៅកាន់កំពង់ផែ Arguineguin (អាហ្គីនណេហ្គីន) ស្ថិតនៅលើកោះ Gran Canariaក្រោយបានស្ទាក់ចាប់ទូកឈើ ២គ្រឿង ដឹកពួកគេនៅក្នុងមហាសមុទ្រអាត្លង់ទិក ។
ក្រុមអាជ្ញាធរ និយាយថា ជនអន្តោប្រវេសន៍ដែលមានដើមកំណើតនៅអាហ្វិ្រក រួមមានបុរស ១១០នាក់ ស្រ្តី ៩នាក់ និងអនីតិជន ៤នាក់ ។ ពួកគេត្រូវបានទទួលយកនៅចម្ងាយប្រហែល ១០៤គ.ម ភាគអាគ្នេយ៍កោះ Gran Canaria ។
នៅក្នុងឆ្នាំ ២០២៣នេះ ជនអន្តោប្រវេសន៍សរុប ៨.១៤០នាក់ បានធ្វើដំណើរតាមសមុទ្រមកដល់ដែនដីរបស់អេស្ប៉ាញ រួមទាំងការធ្វើដំណើរមកដល់ប្រជុំកោះ Canaryស្ថិតនៅជិតតំបន់ឆ្នេរអាហ្វ្រិក ពោលគឺធ្លាក់ចុះចំនួន ២៧ភាគពីឆ្នាំ ២០២២ ។
យោងតាមការអះអាងរបស់ក្រុមសប្បុរសធម៌ Walking Bordersរបស់អេស្ប៉ាញ បានឲ្យដឹង មនុស្ស ២.៣៩០នាក់ បានបាត់បង់ជីវិតរបស់ពួកគេនៅតាមផ្លូវ ពេលព្យាយាមធ្វើដំណើរតាមសមុទ្រ ដើម្បីទៅដល់ដែនដីរបស់អេស្ប៉ាញ ក្នុងឆ្នាំ ២០២២ ៕

