អង់គ្លេស ៖ ក្រុមគ្រួសារដែលបានបាត់បង់សាច់ញាតិក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ បានធ្វើបាតុកម្មមួយកាលពីថ្ងៃអង្គារ (១៣ មិថុនា) ខណៈដែលការស៊ើបអង្កេតរបស់ចក្រភពអង់គ្លេសលើការដោះស្រាយរបស់រដ្ឋាភិបាលអំពីជំងឺនេះបានចាប់ផ្តើមសវនាការសំខាន់របស់ខ្លួន។
ក្រុមបាតុកររាប់សិបនាក់ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងពណ៌ក្រហមនៅលើស្លាកអនុស្សាវរីយ៍កូវីដ បានឈរនៅខាងក្រៅអគារ Dorland Houseក្នុងទីក្រុងឡុងដ៍ ដោយកាន់រូបថតសមាជិកគ្រួសាររបស់ពួកគេដែលបានស្លាប់ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ។
អតីតនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បានបញ្ជាឱ្យបើកការស៊ើបអង្កេតដើម្បីពិនិត្យមើលការត្រៀមខ្លួនរបស់ចក្រភពអង់គ្លេស ក៏ដូចជាការឆ្លើយតបផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច បន្ទាប់ពីចក្រភពអង់គ្លេសជាប្រទេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតមួយក្នុងចំណោមប្រទេសផ្សេងទៀតរបស់ពិភពលោកដោយសារជំងឺកូវីដ។
ចំនួនអ្នកស្លាប់ជាង ១៧៥.០០០ នាក់ដោយសារវីរុសនេះ ត្រូវបានរាយការណ៍ថានៅគ្រាដែលលោកអតីតនាយករដ្ឋមន្ត្រី ចនសុន បានចុះចេញពីតំណែងកាលពីខែកក្កដាឆ្នាំមុន៕

