
យោងតាមទិន្នន័យនៅថ្ងៃពុធ (១៤ មិថុនា)នេះ ដែលចង្អុលបង្ហាញពីកំណើនមានកម្រិតល្បឿនយឺតជាជាងឱនភាពសេដ្ឋកិច្ចបានឱ្យដឹងថា បណ្ដាអ្នកលក់រាយ និងឧស្សាហកម្មភាពយន្តបានជួយឱ្យសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកើនឡើងខ្ពស់បន្តិចកាលពីខែមេសា បើទោះបីជាមានការធ្លាក់ចុះនៅក្នុងវិស័យផលិត និងសំណង់ក៏ដោយ។
ការិយាល័យស្ថិតិជាតិបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសបានកើនឡើង 0,២% ធៀបនឹងខែមុនៗគិតត្រឹមខែមេសា ដែលស្របគ្នាទៅនឹងការស្ទង់មតិពីក្រុមអ្នកសេដ្ឋវិទូដោយសារព័ត៌មាន រ៉យទ័រ។
ជាការឆ្លើយតបទៅនឹងតួលេខនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jeremy Hunt បាននិយាយថា រដ្ឋាភិបាលនៅតែត្រូវការដោះស្រាយបញ្ហាអតិផរណាដ៏ខ្ពស់ ដែលបានផ្ដល់ការលំបាកឲ្យប្រជាជននៅទូទាំងចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនខែនេះ។
ទីផ្សារហិរញ្ញវត្ថុបានបង្ហាញពីប្រតិកម្មតិចតួចចំពោះតួលេខនេះ ដោយផ្ទុយទៅនឹងទីផ្សារពលកម្ម និងទិន្នន័យអតិផរណាថ្មីៗនេះ ដែលបានជំរុញការរំពឹងទុកសម្រាប់កំណើនអត្រាការប្រាក់ខ្ពស់ពីធនាគារអង់គ្លេស។
ទិន្នន័យនៅថ្ងៃពុធនេះបានបង្ហាញពីលក្ខណៈខុសគ្នាបន្តិចជាមួយនឹងការស្ទង់មតិពីក្រុមធុរកិច្ចដែលចង្អុលបង្ហាញពីសកម្មភាពចុះខ្សោយ ប៉ុន្តែមិនមានការធ្លាក់ចុះណាមួយដែលត្រូវបានព្យាករណ៍យ៉ាងទូលំទូលាយកាលពីប៉ុន្មានខែមុននោះទេ។ ក្នុងរយៈពេលបីខែគិតចាប់ពីខែមេសាមក សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើងត្រឹមតែ ០,១% ដែលជា "គន្លងកំណើនទាប" នេះបើយោងតាមសភាពាណិជ្ជកម្មអង់គ្លេស៕
