
ក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Piazza Duomo ទីក្រុងមីឡាន ប្រទេសអ៊ីតាលី នៅព្រឹកថ្ងៃពុធ (១៤ មិថុនា)នេះ មុនពេលពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីលោក Silvio Berlusconi ។
កងកម្លាំងសន្តិសុខត្រូវបានគេដាក់ពង្រាយនៅខាងក្រៅព្រះវិហារធំមួយជាទីដែលពិធីនេះនឹងត្រូវធ្វើឡើង ដោយសាងសង់រនាំងដើម្បីរៀបចំសណ្ដាប់ធ្នាប់ហ្វូងមនុស្ស។ មនុស្សរាប់ពាន់នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពីធីបុណ្យសពនេះ។
នាយករដ្ឋមន្ត្រីអ៊ីតាលីបច្ចុប្បន្នលោកស្រី Giorgia Meloni និងប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ស្ថិតក្នុងចំណោមអ្នកចូលរួមពិធីបុណ្យសពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃកាន់ទុក្ខជាតិ ដោយមានដាក់ទង់ជាតិនៅពាក់កណ្តាលដងរបស់អគារសាធារណៈទាំងអស់។
លោក Berlusconi បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ (១២ មិថុនា) ក្នុងវ័យ ៨៦ ឆ្នាំ គឺរយៈពេលបីថ្ងៃបន្ទាប់ពីចូលមន្ទីរពេទ្យ San Raffaele នៅទីក្រុងមីឡាន ជាទីដែលលោកបានចំណាយពេលមួយខែកន្លះរាប់ពីខែមេសាដល់ឧសភា ដើម្បីព្យាបាលការឆ្លងមេរោគសួត និងស្ថានភាពរ៉ាំរ៉ៃនៃជំងឺមហារីកឈាម៕
