ភ្នំពេញ ៖ មន្ទីរពេទ្យកុមារជាតិ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយមូលនិធិ Vita et Futura និងសមាគមរោងចក្រផលិតបរិក្ខារវេជ្ជសាស្ត្រ នៃសាធារណរដ្ឋឆែក នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើក«ការតាំងពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រ របស់សាធារណរដ្ឋឆែក ផ្តល់ជូនក្រសួងសុខាភិបាល» ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តម ជីរី កូហ្សាក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសាធារណៈរដ្ឋឆែក។
ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រទំនើបនៅមន្ទីរពេទ្យកុមារជាតិនាថ្ងៃនេះ នឹងជួយដល់មន្ទីរពេទ្យ ក្នុងការបង្កើនលទ្ធភាពផ្តល់សេវាសុខភាពបែបទំនើបកម្ម និងគុណភាពខ្ពស់ដល់មាតា និងទារក ក្នុងនោះមានទាំងសេវារោគស្ត្រី សម្ភព ផែនការគ្រួសារ និងការថែទាំទារក នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយបរិក្ខារពេទ្យទំនើបពីភាគីក្រុមហ៊ុនផលិតបរិក្ខារវេជ្ជសាស្ត្រ LINET នៃសាធារណៈរដ្ឋឆែក ជូនដល់មន្ទីរពេទ្យកុមារជាតិ និងការផ្តល់ជូននូវការបណ្តុះបណ្តាលពីបច្ចេកទេស និងបច្ចេកវិទ្យា នៃការប្រើប្រាស់សម្ភារៈទំនើបទាំងនោះ អមជាមួយការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបច្ចេកទេសថែទាំព្យាបាល ពីអ្នកជំនាញឯកទេសខាងសាធារណៈរដ្ឋឆែក ដែលរៀបចំដោយ មូលនិធិ Vita et Futura ដល់បុគ្គលិក នៃមន្ទីរពេទ្យកុមារជាតិផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ នាយកមនី្ទរពេទ្យ ក៏បានថ្លែងអំណរគុណដល់សមាគមរោងចក្រផលិត និងផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រនៃសាធារណៈរដ្ឋឆែក ជាពិសេសក្រុមហ៊ុនរោងចក្រផលិតបរិក្ខាវេជ្ជសាស្ត្រ LINET ដែលបរិច្ចាកបរិក្ខារពេទ្យទំនើប ចំនួន៦មុខ ដែលសរុបជាទឹកប្រាក់ជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយបង្កើនលទ្ធភាពដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍសេវាសុខាភិបាលកាន់តែទំនើប និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ បច្ចុប្បន្នមន្ទីរពេទ្យកុមារជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញ ក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាលដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានទំនុកចិត្ត លើការថែទាំព្យាបាលសុខភាពមាតា ទារកនិងកុមារ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជិវៈ។
នាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសុខាភិបាល បានសំដែងនូវអំណរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋឆែក ដែលសបញ្ជាក់ពីទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាព សេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ទន្ទឹមនឹងនោះ សាធារណរដ្ឋឆែក ដែលបានសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យកុមារជាតិ ជាក់ស្ដែងក្នុងអំឡុងពេលដែលកម្ពុជា និងពិភពលោកបានរងវិបត្តិ នៃការរាតត្បាតជំងឺកូវីដ-១៩ សាធារណរដ្ឋឆែក បានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។
ជាមួយគ្នានោះដែរ ឯកឧត្តម ជីរី កូហ្សាក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេស សាធារណៈរដ្ឋឆែក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈរលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រងបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរបន្ថែមទៀត៕ ដោយ ៖ រដ្ឋា


















