
ភ្នំពេញ៖ អគ្គលេខាធិការ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា ទោះបីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា មាន ការធ្លាក់ចុះ តែអ្នកវិនិយោគនៅតែមានទំនុកចិត្តខ្ពស់ ព្រោះកម្ពុជាគឺជាប្រទេសមានសក្តានុពល និងកំពុងស្រូបយកវិនិយោគិនឲ្យមកបណ្តាក់ទុនជាបន្តបន្ទាប់។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិពភលោករងការប៉ះពាល់យ៉ាងខ្លាំង រវាងវិបត្តិជំងឺកូវីដ ១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែនជាដើម ហើយក្នុងនោះប្រទេសដែលជាដៃគូររបស់កម្ពុជា ក៏មានសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ដែលជាហេតុធ្វើឲ្យ ការនំាចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៣ នេះបានស្រុតចុះ បើធៀបនិងឆ្នាំ២០២២ កន្លងមក។
លោក បន្តថា ទោះបីស្ថានភាពនៃការនាំចេញស្រុតចុះបន្តិចបន្តួចក៏ដោយ តែមិនធ្វើឲ្យខ្លាំងដល់ដំណើរក្នុងវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរជាដើម ក្នុងនោះអ្នកវិនិយោគមិនអាចដើរចេញពីកម្ពុជាភ្លាមៗនោះ ឡើយ ព្រោះប្រទេសកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ជាក់ស្តែងមកដល់ពេលនេះ ទោះបីវិបត្តិនូវបង្កររងផលប៉ះពាល់ តែកម្ពុជានៅតែ ស្រូបយកអ្នកវិនិយោគឲ្យមកបណ្តាក់ទុនជាហូរហែរ ជាពិសេសការរើចេញពីប្រទេសភូមា និងការហូរចូលពីប្រទេសចិនជាដើម។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យថា ការធ្វើពាណិជ្ជកម្ម នៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៩ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ នេះ ថយ ចុះជាង ២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២, ក្នុងនោះសម្រាប់ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពី ក្រណាត់ មានទឹកប្រាក់ប្រមាណជាង ១ ៨៥៥លានដុល្លារ ថយចុះជាង ២០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី