
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានស្នើសមាគមលើកកម្ពស់សុខភាពកូរ៉េ ពង្រីកគម្រោងគ្រប់គ្រងជំងឺមិនឆ្លង ចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់ផ្សេងទៀត និងក្រៅពីនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ រាជធានីភ្នំពេញកំពុងតែដំណើរការ។
ការថ្លែងរបស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បិត្ត យ៉ាងដូច្នេះ នាឱកាសអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ In-One Kim ប្រធានសមាគមលើកកម្ពស់សុខភាពកូរ៉េ មហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យជាតិ សេអ៊ូល នៃសាធារណរដ្ឋកូរ៉េ រួមនិងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួងរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកសាស្រ្តាចារ្យ In-One Kim មានគោលបំណងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងពិនិត្យ និងថែទាំជំងឺរ៉ាំរ៉ៃ ឬក៏ជំងឺមិនឆ្លង(ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺពុកឆ្អឹង ជំងឺតម្រងនោមរ៉ាំរ៉ៃជាដើម) នៅក្នុងមនី្ទរពេទ្យបង្អែកព្រែកព្នៅ។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ សុំការគាំទ្រពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល ក្នុងការបន្តកិច្ចសហប្រតិបតិ្តការជាមួយនឹងក្រសួងសុខាភិបាលបន្តទៀត។
ជាការឆ្លើយតបលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ស្វាគមន៍ចំពោះកិច្ចសហប្រតិបតិ្តការ ក៏សូមថ្លែងអំណរគុណចំពោះសមាគមលើកកម្ពស់សុខភាពកូរ៉េ ក្នុងការឧបត្ថម្ភគាំទ្រ ជួយលើកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងកន្លងមកនិយាយជារួម។ និយាយដោយឡែក សុំឲ្យសមាគមបន្តការពិភាក្សាបន្ថែមទៀតជាមួយនឹងនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីពង្រីកបន្ថែមលើកម្មវិធីជំងឺមិនឆ្លងនេះ ឲ្យកាន់តែទូលំទូលាយ និងឲ្យចេញឆ្ងាយទៅកាន់តំបន់ផ្សេងៗ មិនមែននៅតែក្នុងរាជធានីភ្នំពេញ និងនៅក្នុងមនី្ទរពេទ្យបង្អែកព្រែកព្នៅដែលមានស្រាប់នោះទេ។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យ In-One Kim រួមនឹងសហការីសូមស្វាគមន៍ និងបន្តពិភាក្សាជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីស្វែងរកនិងពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីបន្ថែម និងឲ្យចំគោលដៅ៕អត្ថបទ រដ្ឋា





