
ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ។
ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ទូរទស្សន៍ BTV ទាក់ទងនឹងការធ្វើកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតនេះចំពោះការរៀបចំធ្វើការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ ។
ឯកឧត្ដមបន្តថា អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានហេតុផលសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែអ្នកនោះនៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែលដោយមិនមានប៉ះពាល់អ្វីទាំងអស់។
ឯកឧត្ដម បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ជាផ្នែកមួយនៃការកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» នៅក្នុងដំណើរការប្រជាធិបតេយ្យ ដើម្បីឱ្យអនាគតមេដឹកនាំ ដែលត្រូវជ្រើសរើសតាមរបបបោះឆ្នោត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវជាងមុនក្នុងនាមជាពលរដ្ឋល្អរបស់ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយការកែទម្រង់នេះ គឺ មិនប៉ះពាល់ដល់ «សិទ្ធិបោះឆ្នោត» ឡើយ។
សូមជម្រាបថាក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដោយទទួលបានភារកិច្ចពីសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ពិសេសត្រង់មាត្រា ៣៤ ថ្មី (មួយ) ដែលចែងក្នុងកថា ខណ្ឌចុងក្រោយថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់»ឱ្យបានមុនការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣នេះ៕ អត្ថបទ៖ សេក ឧត្ដម