អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង បន្ទាប់ពីក្រុមអ្នកកាន់ទុក្ខបានគប់ដុំថ្មទៅលើក្រុមមន្ត្រី អំឡុងពិធីបុណ្យសពរបស់បុរសអារ៉ាប់ដែលចោតប្រកាន់ថា ត្រូវបានសម្លាប់ដោយពលរដ្ឋជ្វីហ្វនៅកណ្ដាលប្រទេសអ៊ីស្រាអែល។

ការបាញ់ប្រហារកាលពីព្រឹកថ្ងៃអង្គារនៅទីក្រុង Lod បានកើតមានឡើង ស្របពេលមានភាពតានតឹងខ្លាំងក្រោយភាពរំជើបរំជួល រយៈពេលជាច្រើនសប្ដាហ៍នៅទីតាំងពិសិដ្ឋដ៏ចម្រូងចម្រាសក្នុងទីក្រុង Jerusalem និងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។ ការវាយប្រយុទ្ធតបតគ្នានេះ បានរាលដាលចូលទៅក្នុងតំបន់អារ៉ាប់របស់អ៊ីស្រាអែល ដែលនាំឲ្យមានការតវ៉ាជាច្រើនផ្ទុះឡើងនៅក្នុងសហគមន៍ រាប់សិបកន្លែងទូទាំងប្រទេស។ នគរបាលបាននិយាយថា មន្ត្រី ២នាក់បានរងរបួស និងរថយន្តល្បាតសន្តិសុខមួយគ្រឿងត្រូវបានដុតបំផ្លាញ។ ដោយឡែកកាលពីថ្ងៃអង្គារនៅក្នុងតំបន់ហ្គាហ្សាឯណោះវិញ ក្រុមអ្នកកាន់ទុក្ខបានដើរក្បួនកាត់តាមដងផ្លូវនានានៃទីក្រុង Beit Hanoun ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ដោយដង្ហែសាកសពកកុមារម្នាក់អាយុ ១១ឆ្នាំ ឈ្មោះ Hussain Hamad ជាក្មេងប្រុសប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ជាមួយគ្នានោះដែរ ក្រុមអ្នកកាន់ទុក្ខរាប់រយនាក់បានដើរដង្ហែ កាត់តាមដងផ្លូវនានានៃទីក្រុងហ្គាហ្សាកាលពីថ្ងៃអង្គារ សម្រាប់ពិធីបុណ្យសពរបស់ក្រុមសកម្មប្រយុទ្ធចំនួន ៣នាក់មកពីក្រុមប្រដាប់អាវុធអ៊ីស្លាមជីហាត ដែលត្រូវបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្មេងស្រីៗប៉ាឡេស្ទីនមួយចំនួន ដែលនៅលើផ្ទៃមុខរបស់ពួកគេប្រឡាក់ទៅដោយធូលី កំពុងស្រែកទ្រហោយំជាមួយម្ដាយរបស់ពួកគេគួរឲ្យសង្វេគ បន្ទាប់ពីការវាយប្រហារតាមអាសដាក់គោលដៅ លើអគារដែលជាលំនៅឋានរបស់ពួកគេ៕
អត្ថបទ៖ សុខមាន