ក្រុមអ្នកគាំទ្រសិទ្ធិរម្លូតកូន បានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងវ៉ាសូវី (Warsaw) និងទីក្រុងជាច្រើនទៀត ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បន្ទាប់ពីការស្លាប់របស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលគ្រួសាររបស់ជនរងគ្រោះជឿថា ស្ត្រីនោះអាចរួចជីវិត ប្រសិនបើនាងត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការពពោះនោះ។

ក្នុងការតវ៉ានោះ ក្រុមបាតុករបាននាំគ្នាស្រែកថា «មិនត្រូវការទៀតទេ» ខណៈដែលពួកគេដង្ហែក្បួនកាត់រដ្ឋធានីវ៉ាសូវី (Warsaw) ឆ្ពោះទៅកាន់ទីស្នាក់ការក្រសួងសុខាភិបាល។ អ្នកខ្លះកាន់បដា ដែលសរសេរថា «ឈប់សម្លាប់ពួកយើងទៅ» និង «យើងចង់បានគ្រូពេទ្យ មិនមែនអ្នកផ្សព្វផ្សាយសាសនាទេ»។
ច្បាប់ប្រឆាំងនឹងការរម្លូតកូនរបស់ប្រទេសប៉ូឡូញ ដែលស្ថិតក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតនៅទ្វីបអឺរ៉ុបនោះ បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមរណភាពរបស់ស្ដ្រីវ័យ ៣៣ឆ្នាំ ដែលមានឈ្មោះថា Dorota កាលពីខែឧសភា បានជំរុញអារម្មណ៍ប្រឆាំងនឹងរដ្ឋាភិបាលឲ្យមានកាន់តែខ្លាំងឡើង ក្នុងចំណោមពលរដ្ឋប៉ូឡូញសេរីនិយមជាច្រើន នៅមុនការបោះឆ្នោត ដែលគ្រោងនឹងធ្វើក្នុងខែតុលា ឬខែវិច្ឆិកា។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលជាតិនិយមរបស់នាយករដ្ឋមន្ត្រី លោក Mateusz Morawiecki (ម៉ាតេវស៍ ម៉ូរ៉ាវីអេស្គី) បានដាក់ឲ្យចូលជាធរមាននូវសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលហាមឃាត់ការបញ្ចប់ការមានផ្ទៃពោះ (រម្លូតកូន)ដែលនាំឲ្យមានពិការភាពគភ៌ ដោយសារគោលនយោបាយអភិរក្សនិយម ចាក់ឫសកាន់តែជ្រៅនៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសប្រកាន់យកនិកាយកាតូលិកដ៏ខ្ជាប់ខ្ជួនបំផុតរបស់អឺរ៉ុប។
សកម្មជនទាមទារសិទ្ធិរម្លូតកូនបាននិយាយថា យ៉ាងហោចណាស់មានករណីស្ត្រីមានផ្ទៃពោះចំនួនប្រាំនាក់ បានស្លាប់ ដែលក្រុមគ្រួសាររបស់ពួកគេបានចេញមកប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មកពីច្បាប់រឹតបន្តឹង ចំពោះការររម្លូតកូន ទើបបណ្ដាលឲ្យកូនចៅរបស់ពួកគេបាត់បង់ជីវិត៕
