នគរបាល បានឲ្យដឹង កាលពីថ្ងៃពុធទី (ទី១៤ ខែមិថុនា) ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចចុងក្រោយបង្អស់ រវាងសមាជិកនៃក្រុមជម្លោះជនជាតិភាគតិច ក្នុងរដ្ឋ Manipur ដែលស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ខណៈដែលកងកម្លាំងសន្តិសុខ បានបន្តស្វះស្វែងរកអាវុធខុសច្បាប់។

អំពើហិង្សារវាងសមាជិកនៃក្រុមជនជាតិភាគតិចគូគី (Kuki) ដែលភាគច្រើនរស់នៅតំបន់ភ្នំ និងក្រុមជនជាតិភាគតិចម៉ីតី (Meiteis) ដែលជាសហគមន៍ដ៏មានឥទ្ធិពលនៅតំបន់ទំនាប បានផ្ទុះឡើង កាលពីថ្ងៃទី៣ ខែឧសភា ដែលបង្កឡើងដោយសារមិនការពេញចិត្ត ពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ក្នុងជួររដ្ឋាភិបាល ហើយនិងការអប់រំ ដែលផ្ដោតលើតែប្រជាជននៅតំបន់ភ្នំ។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ក្នុងទីក្រុង Imphal បានប្រាប់អ្នកសារព័ត៌មានថា ការប្រយុទ្ធគ្នាដោយ ប្រើកាំភ្លើង រវាងក្រុមគូប្រជែង បានផ្ទុះឡើង កាលពីថ្ងៃអង្គារ (ទី១៣ មិថុនា) និងបានបន្តអស់រយៈពេលជាច្រើនម៉ោង ហើយមន្ត្រីមន្ទីរពេទ្យ បាននិយាយថា អ្នកជំងឺភាគច្រើន បានរងរបួសដោយសារគ្រាប់កាំភ្លើង។
ការបន្ថែមកម្លាំងសន្តិសុខសហព័ន្ធ ត្រូវបានបញ្ជូនទៅកាន់រដ្ឋនេះ ហើយពួកគេបាននិងកំពុងស្វែងរកអាវុធខុសច្បាប់ ដោយអង្គការសង្គមស៊ីវិលមកពីសហគមន៍ម៉ីតី (Meitei) និងគូគី (Kuki) បដិសេធមិនចូលរួមជាមួយគណៈកម្មាធិការសន្តិភាព ដែលបង្កើតឡើងដោយរដ្ឋាភិបាលសហព័ន្ធ ក្នុងការស្វែងរកសន្តិភាព៕
