បាល់ទាត់៖ ទោះបីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ តែលោក Oriol Segura គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរនៅតែរំពឹងថា ក្រុមខ្លួននឹងធ្វើបានល្អប្រសើរក្នុងជំនួបធំៗនារដូវកាលនេះ ពិសេសការប្រកួតបន្ទាប់ជាមួយក្រុមបឹងកេតនាសប្ដាហ៍ក្រោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ថា ទោះបីជារាល់លើកក្រោយពេលត្រឡប់ពីសម្រាកវិញដោយសារជំងឺកូវីដ-១៩ តែងតែមានភាពស្មុគស្មាញយ៉ាងណាក្ដី ក៏អង្គរថាយហ្គឺរ កំពុងរៀបចំក្រុមជាមួយការប្ដេជ្ញាចិត្ត និងជំនឿចិត្តសម្រាប់ការប្រកួតប្រជែងបន្ទាប់ ទល់នឹងក្រុមបឹងកេតលើទឹកដីរបស់ខ្លួន។ លោកបានបង្ហាញសុទិដ្ឋិនិយមថា កូនក្រុមរបស់ខ្លួនតែងតែបង្ហាញការគោរពខ្ពស់ និងមានវិន័យជាក្រុម ដែលទាំងអស់នេះនឹងជួយឲ្យក្រុមខ្លួនមានភាពប្រសើរឡើយ នៅក្នុងការប្រកួតធំៗក្នុងរដូវកាលនេះ។ តែយ៉ាងណាបច្ចុប្បន្នគឺជាពេលត្រូវធ្វើការត្រៀមខ្លួនឲ្យបានល្អ និងណែនាំកីឡាករគ្រប់រូបឲ្យយល់ថា អំឡុងពេលប្រកួតពួកគេត្រូវតែមានការខិតខំប្រឹងប្រែងខ្ពស់ និងមានស្មារតីរឹងពឹងក្នុងការប្រកួតជានិច្ច។
លោក Oriol Segura បានសម្ដែងក្ដីរីករាយចំពោះការប្រកួតត្រឡប់មកវិញ ដើម្បីមានឱកាសប្រកួតប្រជែងជាថ្មី ពិសេសការប្រកួតបន្ទាប់ជាមួយបឹងកេត ដែលវាជាពេលមួយបង្ហាញទៅគ្រប់គ្នាថា ក្រុមអង្គរថាយហ្គឺរពិតជាក្រុមមួយដ៏អស្ចារ្យ។ គួរបញ្ជាក់ថា បច្ចុប្បន្នអង្គរថាយហ្គឺរ កំពុងឈរកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ រកបាន ១០ពិន្ទុ។ ចំពោះប្រកួតបន្ទាប់ក្រោយផ្អាកមួយរយៈដោយសារវិបត្តិកូវីដ-១៩ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះនឹងត្រូវបើកទ្វារកីឡដ្ឋាន SRU ទទួលក្រុមការពារតំណែងជើងឯកបឹងកេតនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា