មេធាវីរបស់រុស្ស៊ី បានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនចំពោះការបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17 នៅក្នុងសវនាការរបស់តុលាការពិភពលោក កាលពីដើមសប្តាហ៍នេះថា ជារឿងប្រឌិត។

ប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីនៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិពីបទរំលោភលើសន្ធិសញ្ញាប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ ដោយបំពាក់អាវុធ និងផ្តល់មូលនិធិដល់កងកម្លាំងគាំទ្ររុស្ស៊ី រួមទាំងកងជីវពលដែលបានបាញ់ទម្លាក់យន្តហោះនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17 បណ្តាលឲ្យអ្នកដំណើរ និងយានិកទាំង២៩៨នាក់ ស្លាប់ រួមមានទាំងពលរដ្ឋអូស្ត្រាលី៣៨ នាក់ កាលពីខែកក្កដា ឆ្នាំ២០១៤។ កាលពីខែវិច្ឆិកា ឆ្នាំមុន តុលាការរបស់ប្រទេសហូឡង់ បានសន្និដ្ឋានថា រុស្ស៊ីមានការគ្រប់គ្រងទាំងស្រុងលើកងកម្លាំងផ្តាច់ខ្លួន ហើយបានផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល BUK ដែលត្រូវបានប្រើដោយកងជីវពលដើម្បីបាញ់ទម្លាក់យន្តហោះ។
អ៊ុយក្រែន បាននិយាយដដែលៗពីការរកឃើញរបស់តុលាការហូឡង់ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែមេធាវីរបស់រុស្ស៊ីលោក Michael Swainston បានច្រានចោលថា ជារឿងប្រឌិត។

លោកបានប្រាប់តុលាការនៅថ្ងៃចុងក្រោយនៃសវនាការថា រឿងនេះមិនបានកើតឡើងនោះទេ គ្មានប្រព័ន្ធមីស៊ីល BUK Telar មកពីប្រទេសរុស្ស៊ីឡើយ។ នៅក្នុងករណីរបស់ខ្លួននៅតុលាការ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបំពានសន្ធិសញ្ញាប្រឆាំងការរើសអើងរបស់អង្គការសហប្រជាជាតិ ដោយព្យាយាមលុបបំបាត់វប្បធម៌ជនជាតិភាគតិចតាតាស និងជនជាតិអ៊ុយក្រែន នៅតំបន់គ្រីម៉េ ដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤។
នៅក្នុងការដាក់ស្នើចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទ អ៊ុយក្រែន បានស្នើសុំឱ្យតុលាការ ICJ រកឲ្យឃើញថា រុស្ស៊ីមានកំហុសពីបទរំលោភលើកាតព្វកិច្ចសន្ធិសញ្ញារបស់ខ្លួន ហើយបញ្ជាឱ្យបង់ប្រាក់សំណង។
ប៉ុន្តែរុស្ស៊ីបានបដិសេធការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ នៅក្នុងទឹកដីអ៊ុយក្រែនដែលខ្លួនកាន់កាប់។