ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
នៅក្រោយចប់ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នៅខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។
ឯកឧត្តម មានជំនឿជឿជាក់ថា ការដាក់ចេញនូវគោលនយោបាយជាតិនៅថ្ងៃនេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច នាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន។
លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរ ខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈគោលនិយោជាតិនេះ នឹងជាឱកាសមួយដ៏ល្អសម្រាប់ប្រជាកសិករ ក៏ដូចជាអ្នកកែច្នៃ ក្រោយរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែង។
លោកស្រី បន្តទៀតថា ស្វាយចន្ទីក្នុងរដូវកាលឆ្នាំថ្មីនេះ នឹងប្រសើរជាងឆ្នាំមុនទៅទៀត ដោយសារមើលឃើញសក្តានុពលនៃការដាំដុះនៅក្នុងឆ្នាំនេះ គឺតម្លៃល្អមធ្យម ហើយអាកាសធាតក៏ល្អ។ ដោយឡែក អ្នកទិញលក់ ក៏សម្បូរទៅដោយអ្នកមកទំនាក់ទំនងថ្មីៗ ល្អៗផងដែរ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះជាង ៤៣ម៉ឺនហិកតា បរិមាណទិន្នផលមានជាង ៥០ម៉ឺនតោន។ រីឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅ មានចំនួនជាង ៤៧ម៉ឺនតោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួនប្រមាណជាង ១,៥០០តោន៕អត្ថបទ៖ ឈិត បូរ៉ាវី

