តេក្វាន់ដូ៖ កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា ០២រូបនឹងចាកចេញទៅចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ដើម្បីរកកៅអីអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសហ្សកដានីថ្ងៃអាទិត្យនេះ។

លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកជម្រើសជាតិ WT បានមានប្រសាសន៍ថា រូបលោក និងកីឡាករ វ៉ា មិថុនា នឹងធ្វើដំណើរចេញពីប្រទេសកម្ពុជានាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១.៥៥នាទីយប់ នឹងទៅដល់កន្លែងប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០យប់ ព្រោះជំងឺ COVID-19 ធ្វើឱ្យជើងហោះហើរមួយចំនួនត្រូវសម្រាក គ្រាន់តែលោក និងកីឡាកររង់ចាំជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងរយៈពេល ១៩ម៉ោង ហើយពេលទៅដល់ប្រលានយន្តហោះប្រទេសហ្សកដានី ក៏បន្តដំណើរទៅកន្លែងប្រកួតទៀត។ លោកបន្តថា មកដល់ពេលនេះគូប្រកួតរបស់កីឡាការិនី ថិប កាសាន់ទ្រីនីកូល និង វ៉ា មិថុនា មិនទាន់ដឹងថា មានកីឡាករ-កីឡាការិនីប៉ុន្មាននាក់ចូលរួមទេ យ៉ាងណាថ្ងៃទី១៩ ឬ២០ ទើបដឹង ពីព្រោះកីឡាករ វ៉ា មិថុនា ប្រកួតនៅថ្ងៃទី២១ រីឯ ថិប កាសាន់ទ្រីនីកូល ប្រកួតនៅថ្ងៃទី២២ ខែឧសភា។
ពេលនេះនៅតែទ្វីបអាស៊ីមួយទេ ដែលមិនទាន់រកបានកីឡាករ-កីឡាការិនីទៅចូលរួមការប្រកួតតាមរយៈជម្រុះ ហើយកីឡាករ-កីឡាការិនីទាំងអស់ត្រូវប្រកួតលើ ៤ប្រភេទទម្ងន់ផ្សេងគ្នា ដោយក្នុងមួយប្រកួតទម្ងន់យកកីឡាករ ២នាក់ និងកីឡាការិនី ២នាក់។ ចំពោះកីឡាការិនី ថិប កាសាន់ទ្រីនីកូល នឹងធ្វើដំណើរពីសហរដ្ឋអាមេរិកទៅប្រទេសហ្សកដានីតែម្តង ដូច្នេះពួកគេនឹងជួបលោកគ្រូបង្វឹក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនា នៅទីនោះ។ កម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក, លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម៕
អត្ថបទ៖ គង់ ហួន