មនុស្សជាង ១០ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានជម្លៀសចេញពីផ្លូវព្យុះស៊ីក្លូនដ៏ខ្លាំងក្លា Biparjoyរយៈពេល ១ថ្ងៃមុនពេលវាបោកបក់មកដល់ដីគោក ។
ក្រុមអ្នកព្យាករ បានព្រមានថា ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា “គ្រោះមហន្តរាយ”ក្នុងភាសាបឹងហ្គាលី អាចនឹងបំផ្លិចបំផ្លាញផ្ទះសម្បែង និងដំណាំប្រជាពលរដ្ឋ ។

ព្យុះ Biparjoy កំពុងបោកបក់តាមផ្លូវរបស់វាឆ្លងកាត់សមុទ្រអារ៉ាប់ ហើយគេរំពឹងថា វានឹងបោកបក់មកដល់មុនគេនៅរដ្ឋ Gujaratរបស់ប្រទេសឥណ្ឌា នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ម៉ោងក្នុងស្រុក ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់រួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង ។ ជនរងគ្រោះទាំងនោះ រួមមានទាំងកុមារ ២នាក់ ដែលត្រូវជញ្ជាំងបាក់សង្កត់លើ ហើយនិងស្រ្តីម្នាក់ត្រូវដើមឈើបាក់លើពេលគាត់កំពុងជិះទោចក្រយានយន្ត ។
ដោយឡែក នៅក្នុងប្រទេសប៉ាគីស្ថាន គេរំពឹងថា ព្យុះនឹងបោកបក់មកដល់តំបន់ឆ្នេរខេត្ត Sindh ។ ក្រុមអាជ្ញាធរ បានជម្លៀសរួចទៅហើយមនុស្ស ៦២.០០០នាក់ ចេញពីតំបន់ឆ្នេរភាគអាគ្នេយ៍ ហើយសង់ជំរំជួយសង្រ្គោះ ៧៥កន្លែងនៅតាមសាលារៀន ។
លោក Sherry Rehmanគឺជារដ្ឋមន្រ្តីក្រសួងបម្រែបម្រួលអាកាសធាតុប៉ាគីស្ថាន និយាយថា ទីក្រុងការ៉ាឈី ដែលជាទីក្រុងធំបំផុតស្ថិតនៅក្នុងខេត្ត Sindhមានពលរដ្ឋរស់នៅប្រហែល ២០លាននាក់ ពុំស្ថិតក្រោមការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែវិធានការសង្រ្គោះបន្ទាន់ ត្រូវបានបង្កើតឡើង ៕

