សាលាបឋមសិក្សាព្រះនរោត្តម ទទួលបានមជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន ដែលបានផ្ដល់ថ្នាក់រៀនដល់សិស្សចំនួន ១៥០០នាក់ ដើម្បីជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញសតវត្សទី២១ និងដើម្បីពង្រឹងការយល់ដឹងពីមុខវិជ្ជាស្ទែម ក៏ដូចជាបច្ចេកវិទ្យាឌីជីថលក្នុងកម្មវិធីសិក្សា ដែលមានលំនាំការសិក្សាអប់រំពីប្រទេសជប៉ុន។
មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាព្រះនរោត្តម ក្រោមវត្តមានឯកឧត្តម អ៊ុអិណុ អាត់ស៊ូសុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាង JICA ប្រចាំកម្ពុជា តំណាងក្រុមហ៊ុនជប៉ុនដែលជាម្ចាស់ជំនួយ ព្រមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោក ជ្រីន សាលី នាយកសាលាបឋមសិក្សាព្រះនរោត្តម បានលើកឡើងថា មជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន ទទួលបានថវិកាកសាងសាងពីពីក្រុមហ៊ុនអេកទីវភីផល ភីអិលស៊ី ។ មជ្ឈមណ្ឌលនេះ គឺជាថ្នាក់សិក្សាកុំព្យូទ័របំប៉នបន្ថែមជាមួយកម្មវិធី Think Think ដែលជាកម្មវិធីសិក្សាឌីជីថលលេខ១ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ការគិតរបស់កុមារឱ្យកាន់តែស៊ីជម្រៅនៅក្នុងបំនិនសតវត្សទី២១។
លោក Kazunori Kawai អគ្គនាយកនៃក្រុមហ៊ុន អេកទីវភីផល ភីអិលស៊ី បានលើកឡើងថាក្រុមហ៊ុនរបស់លោកពេញចិត្តក្នុងការជួយពង្រឹងគុណភាពអប់រំនៅកម្ពុជា។
ឯកឧត្តម អ៊ុអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាន៍ថា តាមការសង្កេតឃើញរបស់លោក សក្ដានុពលសម្រាប់ការសម្រេចបាននូវសង្គមឌីជីថលបានចាក់ប្ញសក្នុងប្រទេសកម្ពុជារួចហើយ។ ដូច្នេះ មជ្ឈមណ្ឌលថ្មីនេះនឹងជួយផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជានាពេលអនាគត។ ឯកឧត្តមបានបន្តថា ក្រោម «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននេះ ផ្អែកលើគម្រោងថ្មីដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសាលារដ្ឋ និងក្រុមហ៊ុនឯកជនជប៉ុន ក្រោមការទទួលស្គាល់របស់ JICA និងក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបានដាក់ក្ដីសង្ឃឹមថា សិស្សានុសិស្សជាច្រើននៅសាលាបឋមសិក្សាព្រះនរោត្តមនេះ នឹងរីករាយក្នុងការរៀនជាមួយបច្ចេកវិទ្យាអប់រំពីប្រទេសជប៉ុន ដើម្បីរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍនជានិរន្ត។
មជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន គឺជាផ្នែកមួយនៃគម្រោងជាមួយ JICA និងក្រសួងអប់រំយុវជន និងកីឡា ហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងការទូតនៃខួប ៧០ ឆ្នាំរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិក្សាឌីជីថលនេះនឹងផ្ដល់ថ្នាក់រៀនដល់សិស្សចំនួន ១៥០០ នាក់ នៅក្នុងសាលាបឋមសិក្សាព្រះនរោត្តម ដើម្បីពង្រឹងជំនាញឌីជីថលដល់សិស្សានុសិស្ស ក៏ដូចជាផ្ដល់ឱកាសឱ្យកូនសិស្សស្គាល់ពីមុខវិជ្ជា STEM និងបច្ចេកវិទ្យាឌីជីថល។ នៅក្នុងថ្នាក់រៀននៃមជ្ឈមណ្ឌលនេះ សិស្សអាចចូលរៀនថ្នាក់ឌីជីថលដែលរួមមាន Microdoft Office ការសេរកម្មវិធីប្រភេទ Scratch ហើយកម្មវិធី Think! Think! ដែលបានទទួលស្គាល់ជាកម្មវិធីដែលមានប្រសិទ្ធភាពបំផុតនៅលើពិភពលោកដោយ APEC ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ បាននឹងកំពុងគំាទ្រសាលារដ្ឋក្នុងប្រទេសកម្ពុចា ដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Think! Think! ចាប់តាំងពីឆ្នាំ ២០១៨ តាមរយៈទីភ្នាក់ងារជប៉ុនប្រចាំប្រទេសកម្ពុជា JICA ៕ អត្ថបទ៖ កញ្ញា ចេន សុជាតា




