ភ្នំពេញ៖ កម្ពុជាដោយមានក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការបានរៀបចំ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣។ ទិវានេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសបើកទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦នេះ បានលើកឡើងថា TVET ជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ និងសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាពលករជំនាញ និងអ្នកបច្ចេកទេស បំពេញតាមតម្រូវការកម្លាំងពលកម្មក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ផ្សាភ្ជាប់នឹងការលើកឡើងរបស់រដ្ឋមន្រ្តី គ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានលើកឡើងដែរថា ការសិក្សាលើជំនាញវិជ្ជាជីវៈ គឺពិតជាមានឱកាសការងារច្រើន នាពេលបច្ចុប្បន្ន។ លើសពីនេះ គឺជាការផ្ដល់ឱកាសជាច្រើន ការសិក្សាដោយមិនគិតថ្លៃ សម្រាប់សិស្សមានជីវភាពក្រីក្រ ទាំងជាប់និងធ្លាក់បាក់ឌុប។
ខណៈចូលរួមក្នុងទិវាជាតិថ្ងៃនេះ និស្សិតដែលកំពុងសិក្សាលើជំនាញ TVET មើលឃើញដែរថា ឱកាសទីផ្សារការងារសម្រាប់ពួកគេពិតជាមានច្រើន។ ពួកគេលើកឡើងថា បណ្ដាក្រុមហ៊ុនជាច្រើន បានសហការជាមួយសាលា ដើម្បីផ្ដល់ការងារដល់និស្សិត ហើយនិស្សិតខ្លះ ក៏អាចបង្កើតមុខរបរដោយផ្ទាល់ខ្លួនផងដែរ។
តាមការបញ្ជាក់បន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងការងារ គឺថា បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៣២៥។ ក្នុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន ៨៩ ៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។
រាជរដ្ឋាភិបាល ក៏បានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕