អង្គការណាសា បានបញ្ចេញរូបភាពមើលឃើញច្បាស់ធំទូលាយថ្មីដ៏គួរភ្ញាក់ផ្អើលនៃភពព្រះអង្គារ ដោយពួកគេបន្ថែមពណ៌លើរូបថតស.ខ្មៅ២សន្លឹកដែលថតបានដោយយានរុករក Curiosity Mars របស់ពួកគេ ។

យោងតាមការអះអាងរបស់អង្គការណាសា បានឲ្យដឹងថា រូបភាពនេះថតបាន ពេលដែលយានរុករកចុះតាមជើងភ្នំកម្ពស់ ៥គ.ម នៃមាត់ភ្នំភ្លើង Gale Crater ។
អង្គការណាសា បានពន្យល់ថា យានរុករក បានប្រើប្រាស់កាមេរ៉ាស.ខ្មៅរបស់វា ដើម្បីថតរូបភាព ២សន្លឹកក្នុងចំណោមការព្យាយាមថតរូប ៥លើក ដោយប្រើពេលជាង ៧នាទីកន្លះ រូបភាពមួយសន្លឹកថតបាននៅពេលព្រឹក និង រូបភាពមួយសន្លឹកទៀតថតបាននៅពេលរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ ។
ក្រោយមកនៅលើផែនដី រូបភាពទាំងនោះ ត្រូវបានបញ្ចូលគ្នាបង្កើតបានជារូបថតឃើញច្បាស់ធំទូលាយស.ខ្មៅចំនួន ២សន្លឹក ដែលពួកគេបន្ថែមពណ៌ និងធ្វើការពន្យល់ ។
សូមបញ្ជាក់ថា យានរុករក Curiosity Mars បានចុះចតនៅមាត់ភ្នំភ្លើង Gale Crater នៅលើភពព្រះអង្គារ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១២ ហើយបន្តរុករកនៅលើភពក្រហមមួយនេះ ៕
