ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ បានដំណើរការរយៈពេលមួយព្រឹកពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំ “D” អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុបប្រមាណ ១៦២រូប។
អង្គប្រជុំទាំងមូលបានធ្វើការគោរពថ្លែងនូវអំណរគុណប្រកបដោយកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពបំផុតរក្សាបាននូវសុខសន្តិភាព សង្គម សេដ្ឋកិច្ចបានយ៉ាងរឹងមាំ ទោះស្ថិតវិបត្តិសកលធំៗ រួមមានវិបត្តិជំងឺកូវីដ-១៩ វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មនៃប្រទេសមហាអំណាចសេដ្ឋកិច្ច។ ជាបន្ថែមអង្គប្រជុំបានថ្លែងនូវមោទនភាពបំផុតចំពោះភាពជោគជ័យនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃបំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គរបស់យើងបានធ្វើបទបង្ហាញ រួមជាមួយនឹងការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដែលនាំឱ្យយើងទទួលបាននូវលទ្ធផលគួរជាទីមោទនៈសមស្របទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ សូមសង្ខេបជូនដូចតទៅ ៖
ទី១ : ការអនុម័តជាគោលការណ៍នូវរបាយការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុងការឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេល៦ខែដើម ឆ្នាំ២០២៣។
ទី២ : ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី៖ វិធានការទាក់ទង នឹងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។
ទី៣: ការអនុម័ត សេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៣ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកាទាំងអស់ បាន ប្តេជ្ញាបន្តរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ និងក្នុងឆន្ទៈរួមឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ឆ្នាំ២០២៣-២០២៨ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២២ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖
១. ជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ) តាមរយៈការជំរុញការងារបង្ការនៃការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងការជំរុញលើកទឹកចិត្តអ្នកមានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់រហ័ស។
២. ក្រសួងទេសចរណ៍បន្តយន្តការជំរុញលើកទឹកចិត្តដល់ គ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ សណ្ឋាគារ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តគោលនយោបាយនៃការប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ ឱ្យបានទូលំទូលាយ។
៣. ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការងារអបរំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគ អេដស៍ និងជំងឺអេដស៍ឱ្យបានទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជន។
៤. មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល ជំរុញបង្កើន និងពង្រីកតំបន់គ្របដណ្តប់នៃសេវាផ្តល់ឱសថការពារមេរោគអេដស៍ជាមុន (PrEP) នៅតាមបណ្តារាជធានី ខេត្ត។
៥. គាំទ្រការដាក់ចេញគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ឆ្នាំ២០២៣-២០២៨៕ ដោយ ៖ រដ្ឋា











