កូសូវ៉ូ ៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ បានឲ្យដឹងថា គេបានឃើញរថយន្តដឹកទំនិញជាច្រើនតម្រៀបជួរបន្តកន្ទុយគ្នា នៅច្រកព្រំដែនដ៏សំខាន់របស់ប្រទេសកូសូវ៉ូ គឺនៅភូមិ Merdare ក្នុងក្រុង kursumlija របស់ប្រទេសស៊ែរប៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) នេះ បន្ទាប់ពីប្រទេសកូសូវ៉ូ បានហាមឃាត់រថយន្តទាំងអស់ដែលមានស្លាកលេខរបស់ប្រទេសស៊ែរប៊ី មិនឲ្យចូលទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងការចាប់ខ្លួនមន្ត្រីនគរបាលព្រំដែនបីនាក់ ដោយនគរបាលស៊ែរប៊ី។
លោកស្រី Nora Fetoshi ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយថា៖ «ដោយមានគោលបំណងបង្កើនសន្តិសុខ នៅតាមច្រកព្រំដែនទាំងអស់ យើងបានសម្រេចបញ្ឈប់រាល់យានយន្តទាំងអស់ ដែលមានស្លាកលេខរបស់ប្រទេសស៊ែរប៊ី មិនឲ្យចូលទៅក្នុងទឹកដីរបស់ប្រទេសកូសូវ៉ូ»។
ភាពតានតឹងបានកើនឡើងម្តងទៀត កាលពីថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលកូសូវ៉ូបីនាក់ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងស៊ែរប៊ី កាលពីថ្ងៃពុធ ប៉ុន្តែមន្ត្រីមកពីកូសូវ៉ូ និងស៊ែរប៊ី បានផ្តល់ទីតាំងផ្សេងគ្នា សម្រាប់ការចាប់ខ្លួននោះ ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីការឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
ការឃុំខ្លួននេះ គឺជាដំណើរវិវឌ្ឍថ្មីចុងក្រោយជាបន្តបន្ទាប់ ដែលបានបង្កើនភាពតានតឹងកាន់តែខ្លាំង រវាងកូសូវ៉ូ និងស៊ែរប៊ី ដោយបង្កឲ្យមានការភ័យខ្លាចថា នឹងកើតមានអំពើហិង្សាជាថ្មីឡើងវិញ រវាងអតីតសត្រូវក្នុងសម័យសង្គ្រាម។
កាលពីថ្ងៃពុធផងនោះដែរ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានយល់ព្រមលើវិធានការដាក់ទណ្ឌកម្ម ចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ដោយចោទប្រកាន់ថា លោកមិនបានចាត់វិធានការ ដើម្បីជួយសម្រាលវិបត្តិដែលកាន់តែធំឡើងនេះទេ៕

