បាល់ទាត់៖ គេចាំបានថា ខ្សែបម្រើវ័យក្មេង អ៊ាន ពិសី បានរងរបួសក្នុងវគ្គទី១ ពេលបង្ហាញខ្លួនលើកដំបូងក្នុងក្រុមថ្មីព្រះខ័នរាជស្វាយរៀង តទល់អគ្គិសនីកម្ពុជាក្នុងការប្រកួត Metfone Cambodian League រដូវកាល២០២១ កាលដើមខែមីនា។ គេត្រូវបានប្ដូរចេញតែម្ដងដោយសារបញ្ហាកជើង និងត្រូវអវត្តមានក្នុងការប្រកួតបន្តបន្ទាប់មក។

យុវជនផ្ទេរពីសាលាបាល់ទាត់ជាតិបាទីទទូចថា ជាលើកទីមួយហើយដែលមានបញ្ហារបួសដល់ថ្នាក់នេះ ហើយអ្វីកាន់តែចំជួនគ្នាទៀតនោះ កើតឡើងក្នុងប្រកួតដំបូងសម្រាប់ក្លិបធំដូចព្រះខ័នរាជស្វាយរៀង ហើយគេក៏ជាប់ជម្រើស ១១នាក់ដំបូងថែមទៀតនាពេលនោះ។ យ៉ាងណាគេទទួលស្គាល់ថា ជារឿងធម្មតាទៅហើយក្នុងបាល់ទាត់។ អ៊ាន ពិសី រំឭកបែបនេះ “៖កាលពីមុនមិនធ្លាប់ជួបបែបនេះទេ ទើបលើកទីមួយមកក្លិបធំហើយ ប្រកួតលើកទីមួយទៀត។ មានអារម្មណ៍ពិបាកតែវាមិនប៉ះពាល់ទឹកចិត្តទេ ព្រោះបាល់ទាត់វាតែងតែមានរឿងបែបនេះគេចមិនផុត។ កីឡាករមានស្រុកកំណើតនៅខេត្តតាកែវបញ្ជាក់ថា បានធូរស្បើយពីរបួសកជើងច្រើនហើយ និងកំពុងហ្វឹកហាត់បន្ថែមលើកាយសម្បទា។ រយៈពេលមួយខែទៀតគេអាចនឹងវិលចូលទីលានហ្វឹកហាត់ខ្លាំងដូចធម្មតាវិញ។
ជុំវិញការចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ពិសី រំពឹងថា អាចមានឱកាសបង្ហាញខ្លួនបានច្រើន ព្រោះក្លិបក៏ផ្ដល់ឱកាសច្រើនដល់យុវជន។ ម្យ៉ាងគេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីមានឱកាសចូលលេង។ គួរដឹងដែរថា អ៊ាន ពិសី បានចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទីកាលឆ្នាំ២០១៦ និងបានជាប់ជម្រើសជាតិពីអាយុពី ១៥ឆ្នាំដល់ ១៩ឆ្នាំ។ គេបានរួមចំណែកជួយ U19 កម្ពុជា ឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 ចូលដល់ជុំចុងក្រោយនៅអ៊ូបេគីស្ថាន។ ជាអកុសលការប្រកួតយុវជនកម្រិតទ្វីបមួយនេះ ត្រូវបានលុបចោលដោយសារបញ្ហាកូវីដ-១៩៕
អត្ថបទ៖ CNCC