សាកសពទាហានរុស្ស៊ី បាននៅរាយប៉ាយតាមផ្លូវជាមួយនឹងរថពាសដែករងការឆាបឆេះរបស់ពួកគេស្ថិត នៅក្នុងភូមិទើបរំដោះបានថ្មី Storozheve របស់អ៊ុយក្រែន ។

ទិដ្ឋភាពបែបនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីភាពឃោរឃៅនៃការប្រយុទ្ធគ្នា ពេលដែលទាហានអ៊ុយក្រែន ដណ្តើមបានមកវិញនូវភូមិ Storozheve និងភូមិជាច្រើនកន្លែងផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជាផ្នែកមួយនៃការវាយបកនៅតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ។
សាកសពមួយចំនួននៃទាហានរុស្ស៊ីដែលបានស្លាប់ ដេកនៅលើដីធូលី នៅជិតខ្មោចរថពាសដែករបស់ពួកគេ ពេលដែលក្រុមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រ និងជាសារព័ត៌មានដំបូងគេបានទៅដល់ភូមិនោះ កាលពីថ្ងៃពុធ ។ សាកសពទាហានរុស្ស៊ីផ្សេងទៀត បានដេកលើស្មៅ និងវាលជិតគ្នាជាទីដែលពួកគេបានស្លាប់ ។
ទាហានអ៊ុយក្រែន មួយរូបដែលប្រាប់ថា គាត់មានឈ្មោះ Artem បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅភូមិ Storozheve ថា កាលពីពេល ៣ថ្ងៃមុន ពួកយើងរំដោះបានភូមិ Storozheve ។ អ្នកអាចមើលឃើញដោយខ្លួនឯងហើយថា ពួកយើងសម្រេចបានអ្វីខ្លះ ។ អ្នកអាចមើលឃើញគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានបំផ្លាញ ។ ជយោអ៊ុយក្រែន ។
ដោយឡែក រូបភាពដែលបានបង្ហោះតាមអនឡាញកាលពីថ្ងៃចន្ទ ឃើញទាហានអ៊ុយក្រែន ដោតទង់ជាតិអ៊ុយក្រែនពណ៌លឿងលាយខៀវនៅមុខផ្ទះរងការខូចខាតនៅក្នុងភូមិ Storozheve ។
សូមបញ្ជាក់ថា ភូមិមួយនេះ ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ រហូតមក ពោលគឺរយៈពេល ១ខែប៉ុណ្ណោះ ក្រោយការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ៕
