ប្រជាជននៅភាគខាងជើងនៃប្រទេសឥណ្ឌាបានចុះងូតទឹកនៅទន្លេគង្គា ដើម្បីទប់ទល់នឹងកម្ដៅ ខណៈដែលសីតុណ្ហភាពបានហក់ឡើងលើស ៤០ អង្សារ កាលពីថ្ងៃពុធ (១៤ មិថុនា)។ នៅក្នុងទីក្រុង Varanasiជាក្រុងសាសនាមួយរបស់ប្រទេសឥណ្ឌា គេឃើញមនុស្សម្នាហែលទឹកនៅច្រាំងទន្លេគង្គា។

នៅទីក្រុង Agra ជាទីតាំងនៃមហាចេតិយឧទ្ទិសចំពោះសេចក្តីស្រលាញ់របស់ប្រទេសនេះ គឺវិមាន Taj Mahal គេឃើញប្រជាពលរដ្ឋបានផឹកភេសជ្ជៈត្រជាក់ជាច្រើនប្រភេទដូចជា ទឹកអំពៅ ទឹកផ្លែស្វាយ ទឹកក្រូចឆ្មា ដើម្បីឲ្យរាងកាយរបស់ពួកគេត្រជាក់។ មនុស្សម្នាក៏បិទបាំងមុខដោយសម្លៀកបំពាក់ និងពាក់វ៉ែនតាដើម្បីទប់ទល់នឹងកម្ដៅដ៏ក្ដៅនេះផងដែរ។
គ្រប់រដូវក្តៅនៅប្រទេសឥណ្ឌា គឺជាពេលវេលាដ៏លំបាក នៅពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់ នាំឱ្យកើតជំងឺផ្សេងៗ ហើយជួនកាលថែមទាំងបណ្ដាលឲ្យមានមនុស្សស្លាប់ទៀតផង។ ហេតុផលដែលអាចកើតមានសម្រាប់កំណើនសីតុណ្ហភាព មានចាប់ពីបម្រែបម្រួលអាកាសធាតុ រហូតដល់ការធ្វើឱ្យទីក្រុងកាន់តែមានមនុស្សកកកុញ ដែលនាំឱ្យមានអគារខ្ពស់ៗកាន់តែច្រើន និងចំនួនដើមឈើសម្រាប់ជារបាំងការពារបរិស្ថានថយចុះ៕
