កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានជួបពិភាក្សាការងារជាមួយសមភាគីចិនលោកប្រធានាធិបតី Xi Jinpingនៅក្នុងទីក្រុងប៉េកាំង ដោយមេដឹកនាំទាំង ២ បានសន្យាបង្កើតភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំង ២ ។

សារព័ត៌មានចិនរាយការណ៍ថា អំឡុងជំនួបរបស់ពួកគេ លោក Xiបាននិយាយប្រាប់លោក Abbasថា ចិនចង់ដើរតួជាវិជ្ជមាន ដើម្បីជួយប៉ាឡេស្ទីនសម្រេចបានការផ្សះផ្សាផ្ទៃក្នុង និងលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាពជាមួយអ៊ីស្រាអែល ។
លោក Abbas ដែលស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃទៅកាន់ទីក្រុងប៉េកាំង សង្ឃឹមថានឹងមានការគាំទ្រពីចិន សម្រាប់រដ្ឋប៉ាឡេស្ទីន ក្រោយលោកពុំអាចជួបជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ពេលនៅទីក្រុងញូវយ៉កសម្រាប់ការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN)កាលពីខែមុន ។
គួរឲ្យដឹងថា ចិនមានប្រវត្តិទំនាក់ទំនងល្អជាមួយប៉ាឡេស្ទីន ហើយចាប់តាំងពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក Abbasកាលពីឆ្នាំ ២០១៧ ពួកគេបានជជែកឥតឈប់ឈរពីលទ្ធភាពរបស់ពួកគេ ក្នុងការសម្របសម្រួល បើទោះបីជាពួកគេបង្ហាញឆន្ទៈតិចតួចពាក់ព័ន្ធនឹងបញ្ហាមួយនេះក៏ដោយ រហូតដល់ជួយឲ្យមានកិច្ចព្រមព្រៀងដ៏គួរភ្ញាក់ផ្អើលរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីស្តាទំនាក់ទំនងការទូតរបស់ពួកគេ កាលពីខែមីនាកន្លងទៅ ៕
