
តុលាការក្នុងប្រទេសហ្គាតេម៉ាឡាបានកាត់ទោសលោក Jose Zamora (ហូសេ ហ្សាម៉ូរ៉ា) អ្នកសារព័ត៌មានដ៏ល្បីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទពុករលួយ។ ការងាររបស់បុរសវ័យ ៦៦ ឆ្នាំរូបនេះ បានរិះគន់រដ្ឋាភិបាលបន្តវេនជាច្រើន ហើយករណីនេះត្រូវបានក្រុមសិទ្ធិមនុស្សហៅថាការវាយប្រហារលើសេរីភាពបញ្ចេញមតិ។
កាលពីថ្ងៃពុធ ចៅក្រមបានប្រកាសពីការកាត់ទោសនេះ ហើយបាននិយាយថាលោក Zamora ក៏នឹងត្រូវពិន័យជាទឹកប្រាក់ជាង ៣៨ ពាន់ដុល្លារផងដែរ។ លោកត្រូវបានគេបន្ធូរបន្ថយទោសពីបទជំរិតទារប្រាក់ ព្រមទាំងប្រព្រឹត្តខុសនឹងវិជ្ជាជីវៈរបស់ខ្លួន។
លោក Zamora បាននិយាយថាករណីប្រឆាំងនឹងលោកនេះគឺជា "ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ" ដោយប្រធានាធិបតីរបស់ប្រទេសហ្គាតេម៉ាឡា ដោយសារតែការរាយការណ៍អំពីការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងប្រធានាធិបតីព្រមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ លោក Zamora គ្រោងនឹងប្តឹងទៅឧទ្ធរណ៍ និងកំពុងពិចារណាយកករណីនេះបញ្ចូនទៅតុលាការសិទ្ធិមនុស្សអន្តរជាតិ។
អ្នកសារព័ត៌មានជើងចាស់រូបនេះ បានបង្កើតប្រព័ន្ធផ្សព្វផ្សាយស៊ើបអង្កេតឈានមុខគេមួយរបស់ប្រទេសនេះមានឈ្មោះថា elPeriodico កាលឆ្នាំ ១៩៩៦។ លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុនក្នុងអំឡុងពេលការបង្ក្រាបដែលចាប់បានក្រុមរដ្ឋអាជ្ញា ចៅក្រម សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងមន្ត្រីបក្សប្រឆាំងជាច្រើននាក់៕