
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (១៥ មិថុនា)នេះ ប៉ុន្តែមិនមានការរាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។
ការរញ្ជួយដីនេះបានវាយប្រហារក្នុងជម្រៅ ១១២ គីឡូម៉ែត្រនៅម៉ោងប្រហែល ១០ ព្រឹកម៉ោងក្នុងស្រុក នៅក្នុងដែនទឹកនៃទីក្រុង Calatagan ចម្ងាយប្រហែល ៣ម៉ោងពីរដ្ឋធានីម៉ានីល។
នាយនគរបាលក្រុង Calatagan លោក Emil Mendoza លោកបាននិយាយថា ខណៈពេលដែលមិនមានរបាយការណ៍ភ្លាមៗអំពីអ្នករបួស និងការខូចខាតនានា ក្រុមអាជ្ញាធរគ្រោះមហន្តរាយត្រូវបានបញ្ជូនទៅវាយតម្លៃផលប៉ះពាល់នៃការរញ្ជួយដីនេះ។ មន្ត្រីគ្រោះមហន្តរាយ Calatagan លោក Ronald Torres បាននិយាយថា ការរញ្ជួយដីមានរយៈពេលពី ៣០ វិនាទីទៅមួយនាទី។
ការរញ្ជួយដីនេះបានធ្វើឲ្យមនុស្សម្នាប្រញាប់ប្រញាល់ចេញពីអគារនានាក្នុងរដ្ឋធានី។ ប្រតិបត្តិការនៃប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវចរាចរណ៍ និងផ្លូវរថយន្តឈ្នួលនានានៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីពិនិត្យមើលការខូចខាត នេះបើយោងតាមនាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសហ្វីលីពីន៕