ឥណ្ឌា៖ សាកសពជាច្រើនកំពុងរសាត់អណ្ដែត ទៅទើរលើច្រាំងទន្លេគង្គា ខណៈប្រទេសឥណ្ឌាបរាជ័យក្នុងការទប់ស្កាត់ចំនួនអ្នកស្លាប់ និងការបូជាសាកសពមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាជិត ៤ពាន់នាក់ក្នុងមួយថ្ងៃ។

មិនមែនមានតែតំបន់ជនបទមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដែលមានប្រព័ន្ធថែទាំសុខភាពខ្សោយទ្រុឌទ្រោមប៉ុណ្ណោះទេ ពេលនេះថែមទាំងកំពុងអស់អុសដុតទៀតផង សម្រាប់ពិធីបូជាតាមទំនៀបទម្លាប់សាសនាហ៊ិនណ្ឌូ។ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងស៊ើបអង្កេតលើការប្រទះសាកសពជាច្រើន ដែលកំពុងរសាត់អណ្ដែតក្នុងទន្លេគង្គានៅក្នុងរដ្ឋចំនួន ២ផ្សេងពីគ្នា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងស្រុកហ្គាស៊ីពួ ក្នុងរដ្ឋឧត្តាប្រទេស លោក M P Singh បាននិយាយថា គិតត្រឹមពេលនេះ វាពិបាកណាស់សម្រាប់យើងក្នុងការកំណត់ថា តើសាកសពទាំងនេះមកពីណា។
លោក Akhand Pratap ប្រជាពលរដ្ឋក្នុងស្រុកបាននិយាយថា មនុស្សកំពុងបោះសាកសពចូលក្នុងទន្លេគង្គា ជំនួសឲ្យការបូជាព្រោះតែខ្វះអុសសម្រាប់បូជា។ សូម្បីតែនៅក្នុងរដ្ឋធានី New Delhi ជនរងគ្រោះស្លាប់ដោយសារជំងឺ COVID-19 ជាច្រើនត្រូវបានសាច់ញាតិរបស់ពួកគេ បោះបង់ចោលបន្ទាប់ពីការបូជា ដោយទុកឲ្យក្រុមអ្នកស្ម័គ្រចិត្តត្រូវលាងធាតុទាំងនោះ និងសូត្រធម៌បួងសួងឲ្យសាកសពទាំងនោះ បន្ទាប់មកយកធាតុទាំងនោះទៅបាចចូលទៅក្នុងទន្លេក្នុងទីក្រុងពិសិដ្ឋ Haridwar ដែលមានចម្ងាយ ១៨០គីឡូម៉ែត្រពីរដ្ឋធានី New Delhi៕
អត្ថបទ៖ សុខមាន