
ប្រភពនានានិយាយថា មន្ត្រីជាន់ខ្ពស់នៃយោធាមីយ៉ាន់ម៉ាទំនងជាបានទៅជួបលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងពន្ធនាគារនៅចុងខែមុន និងដើមខែនេះ។ គេជឿថា មន្ត្រីជាន់ខ្ពស់នៃយោធាមីយ៉ាន់ម៉ាទាំងនោះកំពុងស្វែងរកការសម្រុះសម្រួលរបស់លោកស្រីដើម្បីបញ្ឈប់ចលនាក្រុមប្រឆាំង ខណៈដែលការប្រយុទ្ធគ្នារវាងរបបសឹកដែលកំពុងកាន់អំណាច និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យមានសន្ធុះកាន់តែខ្លាំងក្លា។
ប្រភពស្និទ្ធនឹងភាគីគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា មន្ត្រីយោធាបីនាក់ទំនងជាបានជួបមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងរូបនេះនៅឯពន្ធនាគារក្នុងរដ្ឋធានី Naypyitaw កាលពីថ្ងៃទី ២៧ ខែឧសភា និងកាលពីថ្ងៃទី ៤ ខែមិថុនា។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមមន្ត្រីទាំងនោះ បានស្នើឱ្យលោកស្រី អ៊ុងសាន ស៊ូជី អំពាវនាវឱ្យកងកម្លាំងការពារប្រជាជន ដែលជាស្លាបប្រយុទ្ធប្រដាប់អាវុធនៃរដ្ឋាភិបាលរួបរួមជាតិនិយមលទ្ធិប្រជាធិបតេយ្យ ដែលកំពុងនិរទេស ឱ្យបញ្ឈប់ការតស៊ូប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីបានពន្យល់ពីស្ថានភាពនៃការប្រយុទ្ធនេះ។ គេជឿថា លោកស្រីបានច្រានចោលការសហការជាមួយយោធា។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានរាយការណ៍អំពីដំណើរចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមមន្ត្រីយោធា។
អ្នកនាំពាក្យយោធាបានប្រាប់សារព័ត៌មាន NHK ថាមិនមានដំណើរចុះជួបបែបនេះកើតឡើងទេ ហើយបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនកាលរដ្ឋប្រហារឆ្នាំ ២០២១ ដែលរបបយោធាបានដណ្តើមអំណាច។ ពេលនេះលោកស្រីកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំក្នុងសាលក្រមដែលលោកស្រីមានទោសចំនួន ១៩ ករណី៕