
នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលី និយាយថា ពួកគេនឹងណែនាំច្បាប់ដល់សភា ដើម្បីលុបចោលកិច្ចសន្យាជួលរបស់រុស្ស៊ី ក្នុងការសាងសង់ស្ថានទូតថ្មីនៅក្នុងរដ្ឋធានីកង់បេរ៉ា ដោយពួកគេលើកឡើងពីហេតុផលសន្តិសុខ។
ការសម្រេចចិត្តបែបនេះ បានធ្វើឡើងបន្ទាប់ពីការសន្និដ្ឋានរួមលើវិវាទដែលមានយូរមកហើយពាក់ព័ន្ធទីតាំងជួល ក្រោយតុលាការសហព័ន្ធចេញសេចក្តីសម្រេចកាលពីខែមុនថា ដីកាបង្គាប់ឲ្យចាកចេញពីអចលនទ្រព្យបង្កើតឡើងដោយក្រុមអាជ្ញាធររដ្ឋធានីជាតិ ដែលជាស្ថាប័នរដ្ឋធ្វើការជាមួយការរៀបចំផែនការរដ្ឋធានីជាតិ អស់សុពលភាពទៅហើយ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកធ្វើបែបនេះ គឺដើម្បីធានាថា ទីតាំងជួល ពុំបានក្លាយជាវត្តមានការទូតផ្លូវការនោះទេ។ ការលុបចោលកិច្ចសន្យាជួលនេះ នឹងមិនផ្តល់ផលប៉ះពាល់ដល់ស្ថានទូតមានស្រាប់របស់រុស្ស៊ីនៅក្នុងទីក្រុងកង់បេរ៉ានោះដែរ។
សូមបញ្ជាក់ថា អូស្រ្តាលី ស្ថិតនៅក្នុងចំណោមប្រទេសរួមចំណែកធំបំផុតដែលមិនមែនជាសមាជិករបស់សម្ព័ន្ធមិត្តយោធាណាតូ ចូលរួមការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន ហើយពួកគេបានផ្គត់ផ្គង់ជំនួយ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ទៅកាន់ទីក្រុងគីវ ហើយថែមទាំងហាមឃាត់ការនាំចេញសារធាតុអាលុយមីណា និងអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ី ទៀតផង ៕