
សមាជិកព្រឹទ្ធសភាអូស្ត្រាលីមួយរូប នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) នេះ បាននិយាយថា លោកស្រីត្រូវបានគេតាម ស្នើសុំរួមមេត្រីទាំងបំពាន និងប៉ះពាល់ដោយអសីលធម៌ ពីសមាជិកព្រឹទ្ធសភាម្នាក់ទៀត នៅក្នុងសភា ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលសាងសង់នូវអគារ ដែលមានសុវត្ថិភាពជាងនេះ សម្រាប់ស្ត្រីគ្រប់រូប។
ក្នុងសុន្ទរកថាអមដោយការសម្រក់ទឹកភ្នែក នៅក្នុងសភា សមាជិកព្រឹទ្ធសភាឯករាជ្យ លោកស្រី Lidia Thorpe បាននិយាយថា លោកស្រីបានសម្រេចចិត្តមិនបន្តផ្លូវច្បាប់ ឬប្តឹងនគរបាល ចំពោះបញ្ហានេះ ហើយក៏មិនបានបង្ហាញអត្តសញ្ញាណពីបុគ្គលរូបណា ដែលត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តនេះ នៅក្នុងសុន្ទរកថារបស់លោកស្រីដែរ។
ខណៈដែលការអត្ថាធិប្បាយរបស់លោកស្រី ត្រូវបានការពារដោយអភ័យឯកសិទ្ធិសភានោះ លោកស្រី Thorpe បានប្រាប់ព្រឹទ្ធសភាថា៖ «ខ្ញុំបានជួបប្រទះនូវពាក្យសម្ដី ដែលសំដៅដល់ការរួមភេទ ហើយត្រូវបានស្នើឡើងដោយអសីលធម៌ ពីសំណាក់បុរសមានអំណាចជាច្រើននាក់»។
លោកស្រី បានបន្ថែមថា បុរសម្នាក់បានដើរតាមនាងចូលទៅក្នុងជណ្តើរមួយ ដែលនៅទីនោះគ្មានមនុស្សឃើញ ឬកាមេរ៉ាសុវត្ថិភាពឡើយ។ ការអះអាងរបស់លោកស្រី Thorpe ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនអំពីការរំលោភបំពានផ្លូវភេទ និងការប្រព្រឹត្តិមិនសមរម្យ នៅក្នុងសភា ដែលនាំឲ្យមានការស៊ើបអង្កេតឯករាជ្យ ចំពោះវប្បធម៌កន្លែងធ្វើការរបស់សភា ដែលបានរកឃើញថា មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលធ្វើការនៅទីនោះ បានជួបប្រទះនូវការបៀតបៀនផ្លូវភេទ៕