
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានសន្យាថានឹងឈរខាងអ៊ុយក្រែនរហូតក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី ស្របពេលដែលក្រុម រដ្ឋមន្រ្តីការពារជាតិរបស់សម្ព័ន្ធមិត្តណាតូ បានជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។
លោក Austinនិយាយថា ពេលដែលរុស្ស៊ី បើកការវាយលុកគ្មានគេបង្កហេតុមុនរបស់ខ្លួនលើអ៊ុយក្រែនកាលពីរយៈពេលជាង ១ឆ្នាំមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinគិតថា លោកនឹងអាចយកឈ្នះសង្រ្គាមបានយ៉ាងងាយស្រួល ប៉ុន្តែលោកគិតខុសហើយ អ៊ុយក្រែនឈ្នះសង្រ្គាមនៅទីក្រុងគីវ ពួកគេរំដោះបានតំបន់ Kharkiv និងតំបន់ Kherson ហើយនៅថ្ងៃនេះ អ៊ុយក្រែនឈរជើងបានយ៉ាងរឹងមាំ សម្រាប់ការប្រយុទ្ធគ្នានាពេលខាងមុខទៀត ។
លោកបន្តថា សហរដ្ឋអាមេរិកមានមោតនភាពនឹងឈរជាមួយប្រទេសមានឆន្ទៈចំនួន ៥០ប្រទេស ក្នុងការផ្តលជំនួយដល់អ៊ុយក្រែន ផ្តល់វគ្គបណ្តុះបណ្តាល និងគ្រឿងយុទ្ធោបករណ៍ ផ្សេងទៀតដល់ទីក្រុងគីវ ដើម្បីជួយឲ្យពួកគេជោគជ័យនៅលើសមរភូមិប្រយុទ្ធ ហើយការប្រយុទ្ធរបស់អ៊ុយក្រែន គឺជាការរត់ម៉ារ៉ាតុង មិនមែនជាការរត់លឿននោះទេ ដូច្នេះហើយពួកយើងនឹងបន្តផ្តល់លទ្ធភាពបន្ទាន់ដល់អ៊ុយក្រែន ដែលពួកគេត្រូវការដើម្បីឈានដល់តម្រូវការបច្ចុប្បន្ន ក៏ដូចជាអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសន្តិសុខខ្លួនឲ្យបានយូរអង្វែង ទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ៕