
នៅក្នុងរបាយការណ៍ថ្កោលទោស នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) នេះ ដែលអតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ពិពណ៌នាថា ជា «របាយការណ៍ឥតប្រយោជន៍» នោះ គណៈកម្មាធិការ បាននិយាយថា លោក Boris Johnson គួរតែត្រូវបានដកចេញពីសភា ដោយសារបានបំភ័ន្តសមាជិកសភាដោយចេតនា ជុំវិញការជប់លៀងនៅឯការិយាល័យរបស់លោក ដែលបំពាននឹងច្បាប់បិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ COVID-19។
នៅក្នុងរបាយការណ៍ជាង ១០០ទំព័រ គណៈកម្មាធិការឯកសិទ្ធិ ដែលជាស្ថាប័នវិន័យដ៏សំខាន់ សម្រាប់សមាជិកសភា បាននិយាយថា លោក Johnson បានបំភ័ន្តសភាដោយចេតនាជាច្រើនដង នៅពេលដែលលោកត្រូវបានសួរអំពីការជួបជុំគ្នា នៅឯវិមាន Downing Street អំឡុងពេលបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយគណៈកម្មាធិការក៏បានចោទប្រកាន់លោក Johnson ថា «សមគំនិតប្រព្រឹត្តអំពើខុសឆ្គងក្នុងទម្រង់បំពានអំណាច និងការប៉ុនប៉ងបំភិតបំភ័យ»។
លោក Johnson ជាអ្នកនយោបាយម្នាក់ ក្នុងចំណោមអ្នកនយោបាយដ៏ល្បីបំផុត និងដែលនាំឲ្យមានការបែកបាក់ខ្លាំងបំផុតរបស់ចក្រភពអង់គ្លេស បានរិះគន់តបវិញ ដោយនិយាយដដែលៗពីភាពគ្មានទោសរបស់លោក ហើយថ្កោលទោសរបាយការណ៍នេះថា ជា «របាយការណ៍ឥតប្រយោជន៍» «កុហក» និង «គួរឲ្យអស់សំណើច» ហើយព្រមទាំងបានចោទប្រកាន់សមាជិកគណៈកម្មាធិការថា ព្យាយាមតាមចងគំនុំសងសឹងជាមួយលោក៕