
វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា)នេះ បាននិយាយថា ការបដិសេធរបស់ប្រទេសអូស្ត្រាលី ក្នុងការផ្តល់ការយល់ព្រមដល់ផែនការរបស់ខ្លួន ក្នុងការសាងសង់ស្ថានទូតថ្មី នៅទីក្រុងកង់បេរ៉ា (Canberra) គឺជាសកម្មភាព «អរិភាព»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា អូស្ត្រាលីកំពុងចូលរួមជាមួយប្រទេសផ្សេងទៀត ក្នុងការបង្ហាញពីការមានជំងឺស្អប់ប្រទេសរុស្ស៊ី។
អូស្ត្រាលីបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ច្បាប់នឹងត្រូវបានដាក់ទៅសភា ដើម្បីលុបចោលកិច្ចសន្យាជួលរបស់រុស្ស៊ី ក្នុងការសាងសង់ស្ថានទូតថ្មី នៅក្នុងរដ្ឋធានីជាតិកង់បេរ៉ា ដោយលើកហេតុផលពីសន្តិសុខជាតិ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃវិវាទដ៏យូរមួយទាក់ទងនឹងកន្លែងជួល បន្ទាប់ពីតុលាការសហព័ន្ធ បានសម្រេចកាលពីខែមុនថា ដីកាឲ្យរើចេញរបស់អាជ្ញាធររដ្ឋធានីជាតិ ជាស្ថាប័នរដ្ឋាភិបាលដែលមានភារកិច្ចរៀបចំផែនការរដ្ឋធានីជាតិ អស់សុពលភាពហើយ។
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បានឲ្យដឹងថា រុស្ស៊ីបានទិញកិច្ចសន្យាជួល ក្នុងឆ្នាំ២០០៨ ហើយគម្រោងត្រូវបានអនុម័ត ក្នុងឆ្នាំ២០១១ ប៉ុន្តែអាជ្ញាធររដ្ឋធានីជាតិ បានរិះគន់ស្ថានទូតថា ទុកកន្លែងចោលមិនប្រើការ៕