
អ្នកនៅរស់រានមានជីវិតពីការលិចទូកជនអន្តោប្រវេសន៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៩ នាក់នៅប្រទេសក្រិក កំពុងស្នាក់នៅក្នុងឃ្លាំងមួយនៅកំពង់ផែ Kalamata នៅថ្ងៃព្រហស្បតិ៍ (១៥ មិថុនា)នេះ មួយថ្ងៃបន្ទាប់ពីការជួយសង្គ្រោះ។
គិលានុបដ្ឋាយិកាកាកបាទក្រហម Hellenic អ្នកស្រី Ekaterini Tsata បាននិយាយថា បុរសដែលត្រូវបានជួយសង្គ្រោះចំនួន ១០៤នាក់ ត្រូវបាននាំយកទៅកាន់កំពង់ផែជាទីដែលពួកគេបានទទួលជំនួយផ្នែកវេជ្ជសាស្រ្ត និងការគាំទ្រផ្លូវចិត្ត ដោយបន្ថែមថា ជនអន្តោប្រវេសន៍ចំនួន ៣០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីថែទាំបន្ថែមទៀត។
ក្រុមអ្នកជួយសង្គ្រោះបានបន្តរុករកនៅសមុទ្រក្នុងប្រទេសក្រិចនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការលិចទូកនោះ ខណៈដែលក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបានថយចុះ និងការភ័យខ្លាចបានកើនឡើងដោយសារថាមនុស្សរាប់រយនាក់ទៀតអាចនឹងលង់ទឹកដោយជាប់នៅខាងក្នុងកន្លែងទុកអីវ៉ាន់នៅក្នុងទូកដែលផ្ទុកលើសទម្ងន់នេះ។
របាយការណ៍ជាច្រើនបានបង្ហាញថាមនុស្សចន្លោះពី ៤០០ ទៅ ៧៥០ នាក់បានប្រជ្រៀតគ្នាជិះទូកនេសាទដែលបានក្រឡាប់លិចកាលពីព្រឹកថ្ងៃពុធ (១៤ មិថុនា) នៅក្នុងទឹកជម្រៅប្រហែល ៥០ ម៉ាយ (៨០ គីឡូម៉ែត្រ) ពីទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង Pylos៕
