កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំង ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាល់ការឆ្លងរីករាលជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ខណៈដែលនៅខេត្តកំពង់ចាមឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង៣ម៉ឺន៦ពាន់នាក់ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ ប៉ុន្ដែបើដូចជំហានយក្សដូចជំហានយក្សរបស់ប៉ុលពល គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។
សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភាតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះរួចហើយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បើទោះបីជាមិនមែនជាកូនរបស់សម្ដេចក៏ត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាដែរ ពីព្រោះការជ្រើសរើសនេះ គឺត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ និងការជ្រើសរើសពីគណបក្សប្រជាជនកម្ពុជា។
សម្តចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ប្រឹងប្រែង និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃក្រុមឧទ្ទាមវាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ។























