កាណាដា៖ មន្ត្រីទីបញ្ជាការដ្ឋាននគរបាលជាតិប្រចាំខេត្ត បាននិយាយនៅសន្និសីទសារព័ត៌មាន ថា មនុស្ស១៥នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងមួយគ្រឿង ផ្ទុកពេញដោយមនុស្សចាស់ធ្វើដំណើរទៅកាន់កាស៊ីណូ ក្នុងខេត្ត ម៉ានីតូបា (Manitoba) ភាគនិរតីនៃទីក្រុង កាប៊ីរី (Carberry)ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Rob Hill បាននិយាយថា រថយន្តក្រុងបានបុកគ្នាជាមួយរថយន្តដឹកទំនិញ ដែលមានមនុស្សប្រមាណ ២៥នាក់ ចេញពីក្នុងនិងជុំវិញទីក្រុង ដូហ្វីន (Dauphin) នៅភាគខាងលិចខេត្តម៉ានីតូបា ភាគច្រើនជាមនុស្សចាស់។
១០នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស ប៉ុន្តែលោក Hill បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង។
សារព័ត៌មាន Winnipeg Free Press បាននិយាយថា រថយន្តក្រុងដែលត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Handi-Transit ដែលបានដឹកមនុស្សចាស់ និងជនមានពិការភាព។

លោក Hill បាននិយាយថា នេះគឺជាថ្ងៃដ៏សោកសៅមួយក្នុងខេត្តម៉ានីតូបា និងទូទាំងប្រទេសកាណាដា ដែលនឹងត្រូវចងចាំទុកថាជាសោកនាដកម្មមួយក្នុងភាពក្រៀមក្រំដែលមិននឹកស្មានដល់ ដោយបន្ថែមថា មានមនុស្សជាច្រើនក្នុងតំបន់ទីក្រុងដូហ្វីន នៅតែកំពុងរង់ចាំដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។
អ្នកបើកបររថយន្តទាំង២ បានរួចផុតពីការស្លាប់ និងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ៕