ឥណ្ឌា៖ ទីក្រុងនានានៅក្នុងតំបន់ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ត្រូរងការវាយប្រហារដោយភ្លៀងធ្លាក់ និងខ្យល់ខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥មិថុនា ប៉ុន្មានម៉ោងមុនការរំពឹងទុកនៃការមកដល់របស់ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយនេះ ។

ផ្លូវនានាត្រូវបានទឹកជន់លិច ហើយមែកឈើត្រូវបានគេមើកឃើញខ្យល់បោកបក់យោលយោគខ្លាំងនៅក្នុងទីក្រុងម៉ាន់វី ( Mandvi) និង ប៊ូជ(Bhuj) ក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា ជាទីដែលផ្ទះសម្បែងប្រជាពលរដ្ឋទាំងអស់ងាយរងគ្រោះ ត្រូវបានជម្លៀស ហើយក្រុមសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅជួយក្នុងស្ថានភាពដ៏អាក្រក់នេះ។
ក្រុមអាជ្ញាធរនៅក្នុងប្រទេសឥណ្ឌានិងប្រទេសជិតខាង គឺប៉ាគីស្ថាន បានជម្លៀសមនុស្សជាង១៥ម៉ឺននាក់ ពីតំបន់ឆ្នេរសមុទ្រងាយរងគ្រោះ ដែលនៅចំមុខរបស់ព្យុះ ស៊ីក្លូនបាយប៉ចយ (Biparjoy) ដែលបោកបក់នៅក្នុងសមុទ្រអារ៉ាប់និងបានប៉ោះពួយមកដល់ដីគោកកាលពីយប់ថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីតុនិយម បាននិយាយថា ព្យុះបាយប៉ចយ ដែលមានន័យថា ការបំផ្លិចបំផ្លាញ ឬគ្រោះមហន្តរាយធម្មជាតិ ជាភាសា បង់ហ្គាលី(Bengali) បានបោកបក់ក្នុងកម្លាំង១៤០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្បែរកំពង់ផែចាខួ(Jakhau) ក្នុងរដ្ឋហ្គូចារ៉ាត់(Gujarat) ភាគខាងលិចរបស់ប្រទេសឥណ្ឌា និងមានកម្លាំង២៣០គីឡូម៉ែត្រក្នុងមួយម៉ោងក្បែរកំពង់ផែក្រុងការ៉ាជីភាគខាងត្បូង របស់ប្រទេសប៉ាគីស្ថាន ៕