ក្រិក៖ ទីភ្នាក់ងារសារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍ថា ជនជាតិអេហ្ស៊ីបចំនួន ៩នាក់ ដែលត្រូវបានសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយឆ្មាំល្បារឆ្នេរHellenic ពាក់ព័ន្ធនឹងការលិចទូកដ៏គួរឲ្យតក់ស្លុតកើតឡើងនៅម្ដុំឆ្នេរសមុទ្រក្រិក កាលពីមួយថ្ងៃមុន ដោយបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់។

អ្នកទាំង ៩នាក់នោះ គឺស្ថិតក្នុងចំណោមអ្នករួចជីវិតពីសោកនាដកម្មនេះ។ សេចក្តីប្រកាសព័ត៌មានចុងក្រោយបង្អស់ ដែលចេញដោយឆ្មាំល្បាតឆ្នេរ Hellenic បានបង្ហាញតួលេខចំនួនអ្នកនៅរស់រានមានជីវិតត្រឹម១០៤នាក់។ គេមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនេសាទ ដែលបានលិចនៅព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ៤៧ម៉ាយល៍ណត់ (ប្រមាណជា ៨៧គីឡូម៉ែត្រ) ពីទីក្រុង Pylos នៅភាគនិរតីនៃប្រទេសក្រិក។
អាជ្ញាធរក្រិកមិនបានបញ្ជាក់ពីការប៉ាន់ប្រមាណ ដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សរហូតដល់ទៅ ៧៥០នាក់នៅលើទូកនោះ។ យោងតាមទូរទស្សន៍ជាតិក្រិក ERT អ្នកដែលបានរួចជីវិត បាននិយាយថា ពួកគេបានចាកចេញពីប្រទេសលីប៊ី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

