ម៉ិកស៊ិក៖ រលកកម្ដៅដែលត្រូវបានព្យាករថា នឹងមានរយៈពេលដល់ទៅ ១៥ថ្ងៃ បានគ្របដណ្តប់លើប្រទេសម៉ិកស៊ិក ហើយបានធ្វើឲ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់លើសពី ៤៥អង្សាសេ នៅក្នុងតំបន់ភាគខាងជើងមួយចំនួន។

រលកកម្ដៅទី៣នៃឆ្នាំនេះ បាននាំឲ្យប្រជាជននៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) នាំគ្នាជ្រកក្នុងម្លប់ ដើម្បីគេចពីសីតុណ្ហភាពក្ដៅខ្លាំងខុសធម្មតា ដែលកំពុងគ្របដណ្តប់រដ្ឋធានី ដែលមានរយៈកម្ពស់ជាង ២.០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ នៅក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez (ស៊ីយ៉ូដាដ វ៉ារេស) សកម្មជនបានបើកយុទ្ធនាការយកសត្វកវែង Benito ផ្លាស់ទីទៅកាន់ជម្រក ដើម្បីការពារវាពីកម្ដៅព្រះអាទិត្យ ដែលធ្វើថប់ដង្ហើម។

រលកកម្ដៅបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ហើយកាលថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) គណៈកម្មាធិការទឹកជាតិរបស់ប្រទេសម៉ិកស៊ិក បានព្យាករថា សីតុណ្ហភាពនឹងឡើងលើសពី ៤៥អង្សាសេ នៅក្នុងរដ្ឋភាគខាងជើង ដូចជា Nuevo Leon ដែលមានរដ្ឋធានី គឺ Monterrey និងឡើងចន្លោះពី ៣០ទៅ ៣៥អង្សារសេ នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City)។
យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលចេញផ្សាយដោយសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បានឲ្យដឹងថា រលកកម្ដៅធ្លាប់វាយប្រហារប្រទេសម៉ិកស៊ិក ក្នុងខែមេសា និងខែឧសភា។ តែឆ្នាំនេះ អ្នកជំនាញមកពី UNAM បាននិយាយថា វាកាន់តែអាក្រក់ទៅៗដោយសារគ្រោះរាំងស្ងួត៕
