អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំអាកាសជាតិក្នុងរដ្ឋ Massachusetts លោក Jack Teixeira ដែលត្រូវបានចោទប្រកាន់ពីបទបែកធ្លាយឯកសារសម្ងាត់សំខាន់បំផុតរបស់យោធា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ។

គណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុងបូស្តុន(Boston)បានចោទប្រកាន់លោកក្នុងបទចោទចំនួន ៦ករណី ពីបទលាក់ទុកដោយចេតនា និងការបញ្ជូនព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់ទាក់ទងនឹងផ្នែកការពារជាតិ ។
ពាក្យចោទប្រកាន់នីមួយៗត្រូវផ្តល់ការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរហូតដល់៣ឆ្នាំក្រោយបញ្ចប់ការអនុវត្តន៍ទោស និងពិន័យជាប្រាក់រហូតដល់ ២៥០.០០០ដុល្លារ ។ ការចោទប្រកាន់នេះគឺបន្ថែមពីលើការចោទប្រកាន់ចំនួនពីរដែលដាក់ដោយរដ្ឋអាជ្ញាប្រឆាំងនឹងលោក Teixeira បន្ទាប់ពីការចាប់ខ្លួនរបស់លោកកាលពីខែមេសា។

អ្នកជំនាញផ្នែក ITនៅអង្គភាពឆ្មាំជាតិអាមេរិក វ័យ ២១ ឆ្នាំ រូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ដោយចោទប្រកាន់ពីបទចែកចាយឯកសារយោធាដែលមានចំណាត់ថ្នាក់ខ្ពស់អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខជាតិធំៗ ផ្សេងទៀតនៅក្នុងបន្ទប់ពិភាក្សាការងារឬ chat room នៅលើ Discord ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានចាប់ផ្តើមជាការជជែកកម្សាន្តសម្រាប់អ្នកលេងបណ្ដាញសង្គម៕