
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី រួមទំាងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សានូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនកម្មករ-កម្មការិនី នៅរោងចក្រឡឺក្រោនស៊ូអ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY)នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស ដូច្នេះបងប្អូនទាំងអស់ត្រូវរក្សាសន្តិភាពនេះឲ្យបានមិនថា កាលៈទេសៈណានោះទេ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសរំលឹកដល់បងប្អូនកម្មក-កម្មការិនីរួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំធ្លោយ និងលង់លក់នឹងការសន្យាខ្យល់របស់អ្នកណា ឬគណបក្សណាឲ្យសោះគប្បីត្រូវមើលឃើញតថភាពជាក់ស្តែងដែលកំពុងមានបច្ចុប្បន្ននេះ។
សម្តេច បានបន្តថា រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើន ហើយការដែលបរទេសគេសម្រេចមករកស៊ីនៅប្រទេសយើងក៏ដោយសារតែកម្ពុជា យើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយនេះដែរ៕អត្ថបទ៖ បានចក់