កូរ៉េខាងត្បូង៖ នាយសេនាធិការចម្រុះ បាននិយាយ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានទាញយកពីសមុទ្រមកវិញនូវចំណែកនៃគ្រាប់រ៉ុក្កែត ដែលប្រើនៅក្នុងការប៉ុនប៉ងមិនជោគជ័យរបស់ប្រទេសកូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន កាលពីខែមុន។

យោធាបាននិយាយថា បំណែកត្រូវបានស្រង់យក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ពួកគេបានបន្តស្វែងរកវត្ថុផ្សេងបន្ថែមពីអ្វីដែលកូរ៉េខាងជើងអះអាងថា ជាយានបាញ់បង្ហោះទៅកាន់ទីអវកាស។
កាលពីថ្ងៃទី៣១ ខែឧសភា ប្រទេសកូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ប៉ុន្តែការហោះហើរបានបញ្ចប់ដោយបរាជ័យ ហើយឧបករណ៍ជំរុញ និងបន្ទុក ធ្លាក់ចូលទៅក្នុងសមុទ្រ។
ភ្លាមៗ កូរ៉េខាងត្បូង បានរកឃើញបំណែកនៅម្ដុំឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះ ហើយបានចាប់ផ្តើមប្រតិបត្តិការទាញយកមកវិញ ក្នុងក្តីសង្ឃឹម ដើម្បីសិក្សាពីរ៉ុក្កែតថ្មីនេះ។

រូបថតដែលចេញផ្សាយដោយយោធាកូរ៉េខាងត្បូង បានបង្ហាញវត្ថុរាងស៊ីឡាំងដ៏ធំមួយ ដែលមានសញ្ញាសម្គាល់ថា «Chonma» ដែលមានន័យថា សេះមានស្លាប ក្នុងភាសាកូរ៉េ។ កូរ៉េខាងជើងបានហៅរ៉ុក្កែតនោះថា «Chollima-1»៕