អូស្ត្រាលី៖ ក្នុងឆ្នាំ២០១៨ លោក Paul Wang បានចាកចេញពីគេហដ្ឋានរបស់លោក ក្នុងទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមជីវិតថ្មី នៅប្រទេសអូស្ត្រាលី ដោយបានបណ្តាក់ទុនចំនួន ១លានដុល្លារអូស្ត្រាលី (៦៨០.០០០ដុល្លារអាមេរិក) ក្នុងអាជីវកម្មកែច្នៃម្ហូបអាហារ ដោយសង្ឃឹមថា នឹងទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ក្រោមគម្រោងទិដ្ឋាការវិនិយោគរបស់ប្រទេសនេះ។

ប្រាំឆ្នាំក្រោយមក ក្តីសង្ឃឹមរបស់លោក សម្រាប់គ្រួសាររបស់លោកដែលមានកូនបីនាក់ នៅតែជាប់គាំង ដោយសាររដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី «ទិដ្ឋាការមាស» ដ៏ចម្រូងចម្រាស ដែលនាំឲ្យពេលវេលាដែលកំពុងប្រព្រឹត្តទៅ រលាយបាត់ ដោយធ្វើឲ្យជនអន្តោប្រវេសន៍ ដែលមានទ្រព្យសម្បត្តិដូចជាលោក Wang ស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់។
លោក Wang វ័យ ៤៤ឆ្នាំ បាននិយាយថា៖ «យើងមិននឹកស្មានថា វានឹងចំណាយពេលយូរនោះទេ ហើយជីវិតរបស់យើង គឺមានភាពរញ៉េរញ៉ៃដោយសារតែរឿងនោះ។ យើងមិនអាចរៀបចំផែនការជាមុនជាមួយនឹងភាពមិនច្បាស់លាស់ទាំងអស់នោះទេ»។
នៅពេលដែលប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីការកែច្នៃអាជីវកម្ម និងការវិនិយោគ (BIIP) ក្នុងឆ្នាំ២០១២ ក្តីសង្ឃឹមគឺថាម្ចាស់អាជីវកម្មដែលមានទ្រព្យសម្បត្តិ វិនិយោគិន និងសហគ្រិននឹងជួយជំរុញសេដ្ឋកិច្ច ដោយការនាំចូលមកនូវដើមទុន និងការជំរុញនុវានុវត្តន៍។

បន្ទាប់ពីចូលកាន់តំណែងកាលពី ១៣ខែមុន រដ្ឋាភិបាលគណបក្សពលករងាររបស់ប្រទេសអូស្ត្រាលី បានផ្លាស់ប្តូរអាទិភាព ដើម្បីកាត់បន្ថយការខ្វះខាតកម្មករជំនាញសំខាន់ៗ។ ជាលទ្ធផលមួយផ្នែក ទិដ្ឋាការអចិន្ត្រៃយ៍ BIIP ភាគច្រើន ចំណាយពេលជិត ៣ឆ្នាំ ដើម្បីដំណើរការ ដោយឡើងពីមធ្យមភាគពេលមុនប្រហែល ១២ខែ ហើយបន្ថែមលើខួបនៃការវិនិយោគពី ៤ឆ្នាំ ទៅ ៥ឆ្នាំ៕