កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយការបាញ់នេះមានរយៈពេលមិនដល់មួយម៉ោងផង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានថា នឹងមានការឆ្លើយតបដោយ «ជៀសមិនរួច» ចំពោះសមយុទ្ធយោធា ដែលធ្វើឡើង កាលពីថ្ងៃមុន ដោយកូរ៉េខាងត្បូង និងទាហានសហរដ្ឋអាមេរិក។

សកម្មភាពចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានកើតឡើងក្នុងខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden គឺលោក Jake Sullivan បានទៅដល់ទីក្រុងតូក្យូ ដើម្បីប្រជុំជាមួយសមភាគីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
យោងតាមខ្លឹមសារនៃកិច្ចប្រជុំ ដែលចេញផ្សាយដោយប្រទេសជប៉ុន បានឲ្យដឹងថា នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Cho Tae-yong និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសជប៉ុន Takeo Akiba កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់ទាំង៣រូប បានពិភាក្សាគ្នាអំពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ថា ភាគីទាំងបី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានប្រាប់ថា មីស៊ីលបាលីស្ទិកពីរគ្រាប់ បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដោយប្រហែលជាគ្រាប់នោះ បានហោះមិនប្រក្រតីក្នុងគន្លងបាញ់៕