វៀតណាម៖ រដូវប្រាំងដ៏ហួតហែង និងគ្រោះរាំងស្ងួតពុំធ្លាប់ដែលមានពីមុនមក កំពុងបង្កការលំបាកដល់ការផ្គត់ផ្គង់ថាមពលនៅតំបន់ភាគខាងជើងប្រទេសវៀតណាម បង្ខំឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ និងការដាច់ចរន្តអគ្គិសនីភ្លាមៗដែលនាំឲ្យមានការខាតបង់រាប់មិនអស់នៅក្នុងចំណោមក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនផលិតបរទេស ។

វៀតណាម គឺជាផ្នែកមួយដ៏សំខាន់នៃការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មសម្រាប់ក្រុមហ៊ុនមួយចំនួននៅក្នុងចំណោមក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោក ហើយភាគច្រើននៃពួកគេ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងក្រុមហ៊ុនផ្គត់ផ្គង់ Foxconnរបស់ក្រុមហ៊ុន Appleមានរោងចក្ររបស់ពួកគេនៅតំបន់ភាគខាងជើង ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីហាណូយ ។
ក្រុមមេដឹកនាំធុរកិច្ច និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រតិបត្តិការនៅតាមបណ្តារោងចក្រជាច្រើន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ។ រោងចក្រមួយចំនួន ទទួលបានការជូនដំណឹងតិចតួចបំផុតពីការដាច់ចរន្តអគ្គសនី ឬជួនកាលពួកគេពុំទទួលបានការជូនដំណឹងទៀតផង ។

លោក Vu Chi Hieu គឺជានាយកគ្រប់គ្រងក្រុមហ៊ុន KingBill XNK Joint Stockរបស់ប្រទេសវៀតណាម ដែលផលិតគ្រឿងបង្គុំអាលុយមីញ៉ូមនៅខេត្តបាក់និញ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងហាណូយ និយាយថា ពួកយើងមានការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ២៦ម៉ោង ។ វាធ្វើឲ្យពួកយើងខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារនៅថ្ងៃនោះ វាមិនល្អទាល់តែសោះ ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មជ្ឈមណ្ឌលឧស្សាហកម្មធំៗនោះ ត្រូវបានគេនិយាយប្រាប់ឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេមកនៅត្រឹមពាក់កណ្តាល ជាហេតុបង្ខំឲ្យសភាពាណិជ្ជកម្មជប៉ុន កូរ៉េ និងអឺរ៉ុប ដាក់ញត្តិប្តឹងទៅរដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយភ្លាមៗចំពោះវិបត្តិមួយនេះ ៕