ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។

រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។
នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។
លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕