
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សក្តានុពលវត្ថុធាតុដើមកសិកម្ម អនុញ្ញាតឱ្យកម្ពុជា ទាក់ទាញវិនិយោគមកបង្កើតរោងចក្រកសិឧស្សាហកម្ម បម្រើការផ្គត់ផ្គង់ក្នុងស្រុក និងកសិពាណិជ្ជកម្ម សម្រាប់នាំចេញ បង្កើតប្រាក់ចំណូលសម្រាប់កសិករ ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីប្រទេសធ្លាប់នាំចូល ទៅជាប្រទេសនាំចេញ ដោយសារការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម។
សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគចុះមកតាមខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់៕ អត្ថបទ៖ វណ្ណៈ