ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃថា មនុស្ស ៥នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ-១៩ ខណៈមនុស្ស ៤៧២នាក់ផ្សេងទៀត ត្រូវបានរកឃើញឆ្លងមេរោគនេះផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ការស្លាប់មនុស្ស ០៥នាក់បន្ថែមទៀតនេះ ជំរុញឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ឡើងដល់ ១៣៦នាក់ហើយនៅក្នុងរយៈពេលត្រឹមតែ ៩០ថ្ងៃចុងក្រោយប៉ុណ្ណោះគិតចាប់ពីថ្ងៃទី១១ ខែមីនាកន្លងមក នៅពេលដែលកម្ពុជាប្រកាសពីករណីស្លាប់ជាលើកដំបូងជាផ្លូវការ។
ករណីឆ្លងថ្មីដល់ទៅ ៤៦៩នាក់ បានឆ្លងមេរោគកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ៣ករណីទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្សដល់ទៅ ២០ ៦៩៥នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នេះ គិតចាប់តាំងពីចុងខែមករា ឆ្នាំ២០២០មក នៅពេលដែលកម្ពុជាប្រកាសពីករណីឆ្លងលើកដំបូង។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩សរុបដល់ទៅ ៨ ៥៣៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៣៦៩នាក់ទៀត ដែលក្រសួងទើបតែប្រកាសនៅថ្ងៃនេះផងដែរ៕
