ប៉ាគីស្ថាន៖ ព្យុះស៊ីក្លូនត្រូពិក Biparjoy បានបោកបក់ដល់ដីគោកនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នៅជិតព្រំដែនប៉ាគីស្ថាន ដោយបានបញ្ចេញខ្យល់បក់បោកយ៉ាងខ្លាំងដែលបានធ្វើឲ្យបាក់ដើមឈើ និង រលំបង្គោលភ្លើងជាច្រើន។

ពេលបោកបក់ដីគោក ព្យុះ Biparjoy មានកម្លាំងស្មើនឹងព្យុះត្រូពិចដ៏ខ្លាំងក្លាមួយដែលមានល្បឿនខ្យល់បក់ ៦៥ ម៉ាយក្នុងមួយម៉ោង (១០០ គីឡូម៉ែត្រក្នុងមួយម៉ោង) នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួមគ្នា។
ខណៈដែលព្យុះនេះរំកិលទៅលើដីបន្តិចម្តងៗ ល្បឿនខ្យល់និងការគំរាមកំហែងនៃកំណើនព្យុះត្រូវបានគេរំពឹងថានឹងថយចុះ ដោយទឹកជំនន់ក្លាយជាផលប៉ះពាល់ដ៏ធំបំផុតសម្រាប់មនុស្សរាប់លាននាក់ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។
ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងនៅតែមានសម្រាប់ភាគពាយ័ព្យនៃប្រទេសឥណ្ឌារហូតដល់ថ្ងៃសៅរ៍។ កម្រិតទឹកភ្លៀងពី ១៥០ ទៅ ២៥០ មីលីម៉ែត្រ (៦ ទៅ ១០ អ៊ីង) ទំនងជាមានកើនឡើងខ្ពស់រហូតដល់ ៥០០ មីលីម៉ែត្រ (២០ អ៊ីញ)។

នៅក្នុងប្រទេសប៉ាគីស្ថាន នាយកដ្ឋានឧតុនិយមបានព្រមានអំពីព្យុះធូលី និងព្យុះផ្គររន្ទះដែលរីករាលដាលនៅក្នុងខេត្ត Sindh ភាគខាងត្បូង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ៥០ទៅ៦០ ម៉ាយក្នុងមួយម៉ោង (៨០ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង)។
នៅមុនពេលព្យុះនេះមកដល់ ទាំងឥណ្ឌា និងប៉ាគីស្ថានបានអនុវត្តវិធានការសុវត្ថិភាពដ៏តឹងរឹង ដើម្បីធានាឱ្យមានការខូចខាត និងការបាត់បង់អាយុជីវិតតិចតួចបំផុត។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា មនុស្សប្រហែល ១៨០.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ខ្លាំងនៅទូទាំងប្រទេសទាំងពីរនេះ៕